ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងផ្តល់គ្រាប់ស្រូវពូជ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
August 03, 2022 អ្នកទស្សនា :

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងផ្តល់គ្រាប់ស្រូវពូជរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវស្រូវពូជជាង ៥៦តោន ដល់កសិករគោលដៅចំនួន ៧៥២គ្រួសារ រងការខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋជាកសិករគោលដៅចំនួន ៧៥២គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដីប្រមាណ៥៤២ហិចតា ដោយទឹកជំនន់ក្នុង ឆ្នាំ២០២២នេះ ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ស្រូវពូជចំនួនជាង៥៦តោន ដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករ ធ្វើស្រែចំការស្តារជីវភាពឡើងវិញ។

សូមជម្រាបថា៖ ដោយក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីដើម ខែឧសភា មក រួមផ្សំ ទឹកហូរពីផ្នែកខាងលើផង បានបណ្ដាលឱ្យស្រូវពង្រារបស់ប្រជាកសិករមួយចំនួន ដែលទើបធ្វើការដាំដុះ បានរងនូវការជន់លិចខូចខាតទាំងស្រុងជាច្រើនលើកច្រើនសារ រួមជាមួយផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យប្រជាកសិករមានការខ្វះខាតពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅ ពេលទឹកបានស្រុកទៅវិញ។

ជាការឆ្លើយតបភ្លាមៗ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចាត់ឱ្យរដ្ឋបាលស្រុកពញាក្រែក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថាក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះចំនួន ៧៥២គ្រួសារ លើផ្ទៃសរុប ៥៤២.៥៨ហិចតា ត្រូវការគ្រាប់ពូជសរុបចំនួន ៥៦,៥៥០គីឡូក្រាម ដើម្បីរាយការណ៍ និងស្នើសុំទៅគណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួលបាននូវគាំទ្រ និងនាំយកគ្រាប់ស្រូវពូជមកចែកជូនបងប្អូនប្រជាកសិករ ដោយឥតគិតថ្លៃនាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ