ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចុះប្រមូលក្រុមជនដែលមានសតិមិនគ្រប់ ឬឆ្កួត អ្នកបែកថ្នាំ មុខ​សញ្ញា​ញៀនថ្នាំ ញៀនកាវ ជនអនាថាដេកតាមសួនច្បារយកទៅមណ្ឌលអប់​រំកែប្រែនានា
August 04, 2022 អ្នកទស្សនា :

ផ្តើមចេញពីការរៀបចំកែលម្អសោភ័ណភាពទីក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងទេសចរណ៍ មានកា​រ​ទាក់ទាញកំណើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង មានការកើនឡើងស្របតាមផែនការរបស់​រដ្ឋ​បាល​ខេត្តបាត់ដំបង និងក្រោមការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់​ដំបង រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង រដ្ឋបាលក្រុង​បាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលក្រុង ស្នងដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បានធ្វើការចុះប្រមូល ក្រុមជន ដែលមានសតិមិនគ្រប់ ឬឆ្កួត អ្នកបែកថ្នាំ មុខសញ្ញាញៀនថ្នាំ ញៀនកាវ ជនអនាថា ដែលដើរដេកតាមសួនច្បារ តាមគល់ឈើ យកទៅមណ្ឌលអប់រំកែប្រែនានានាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំយុទ្ធនា​ការ​ប្រមូលក្រុមទាំងនោះត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យពលរដ្ឋ ដែលមានលំនៅឋាន និងអាជីវកម្ម ក្នុងតំបន់អភិរក្សនៃក្រុងបាត់ដំបង ដែលមានចំនួនជាង៨០០ខ្នងផ្ទះ រុះរើសំយ៉ាប និងស្លាកយីហោចេញ និងត្រៀមរៀបចំឡើងវិញតាមគំរូប្លង់ ដែលរៀបចំដោយ រដ្ឋបាល​ខេត្ត​​បាត់ដំបង ដើម្បីឱ្យក្រុងមានសោភ័ណ្ឌភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការ​ត្រៀ​មប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ ។

លោក បានបន្តទៀតថា សម្រាប់ការចុះប្រមូលជនញៀនថ្នាំ ជនអនាថា ជនសតិមិនគ្រប់នៅថ្ងៃនេះ​អាជ្ញាធរ​មានសមត្ថកិច្ច ប្រមូលបាន សរុប១៣០នាក់ ដើម្បីយកទៅដាក់នៅអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង ឱ្យក្រុមគ្រូពេទ្យពិនិត្យវិគាគ ដើម្បីស្វែងរកមេរោគកូវីដ១៩ ជាពិសេសរកសារធាតុញៀន ហើយបើអ្នករកឃើញមានសារធាតុញៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ឬមណ្ឌលបន្សាបសារធាតុគ្រឿង​ញៀន ចំណែកជនមានសតិមិនគ្រប់ឬ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលនៅខេត្តកណ្តាល ដោយឡែកជន​អនាថា នឹងរកកន្លែងឱ្យពួកគាត់រស់នៅ ឬបញ្ជូនទៅរស់នៅមណ្ឌលដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញផ្សេងៗទៀត ដើម្បីផ្តល់​ជាមុខរបរ​សម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ពួកគាត់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រមូល​ឱ្យអស់​ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ឱ្យអស់ ដើម្បីរក្សាសោភ័ណភាព​ក្រុងបាត់​ដំបង​ឱ្យមានរបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ភ្ញៀវ​ទេសច​រជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។ ក្នុងនោះមុននឹងបញ្ជូនពួកគាត់ទៅ​តាមទីតាំង​ដែ​លបានរៀបចំ ឯកឧត្តម សុខ លូ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ត្រូវធ្វើការយកចិត្តទុកដាក់​ចំពោះ​ពួកគាត់ ដោយត្រូវផ្ដល់ជាចំណីអាហារ សម្លៀកបំពាក់ជូនពួកគាត់ មុននឹងធ្វើការបញ្ជូនពួក​គាត់​ទៅ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជា្ញធរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្នាក់ដឹកនាំខេត្ត ក្រុង កងកម្លាំង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក្រុមគ្រូពេទ្យទាំងអស់ដែល​បានខិតខំជួយអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីជួយប្រមូលជនសតិមិនប្រក្រតី ជនញៀនគ្រឿងញៀន ដែលតែងតែបង្កអសន្តិសុខ និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងក្រុងបាត់ដំបងនាពេលកន្លងមក ដើម្បីបញ្ជួនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា(កែវផុស)ស្ថិតនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន១២៦នាក់ ស្រី១៦នាក់ និងទៅមណ្ឌលរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន០៤នាក់ ស្រី០៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ