ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូល​កាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកចន្ទ្រា
June 10, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិ​បាល​ខេត្ត​ស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ចូល​កាន់មុខតំណែងអភិបាលរង ស្រុក និងនាយករដ្ឋបាលសាលាស្រុកចន្ទ្រា ។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមបានជំរុញដល់មន្ត្រីទាំងអស់ក្នុងរដ្ឋបាលស្រុកចន្ទ្រា  ត្រូវចូល​រួម​សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនង​ការងារ​ឲ្យ​បាន​​ល្អ នៅក្នុងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោ​យឈ​រលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឲ្យ​កា​ន់​តែ​មាន​​ភាពល្អប្រសើរ ជាពិសេសត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើ​ក​ក​ម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពហើយ ត្រូវ​ចូល​រួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស​នានា​ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវការអនុវត្តគោល​នយោបាយ​ភូមិ-ឃុំ មានសុវត្ថិភាពជាដើម។

ឯកឧត្តមបន្តថា ការទប់ស្កាត់ ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មក​ធ្វើ​ជាកម្មសិទ្ធ ឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោភ័ណភាពស្រុក ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះជនខិលខូចមួយចំនួន ដែលមាន​បំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមក​ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ឯកឧត្តមសង្កត់ធ្ងន់ថា បញ្ហាចម្បងអភិបាលស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវខិតខំបន្តអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ឲ្យបានម៉ឺងម៉ាត់នូវវិធានការរឹ​តបន្តឹង​ច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត  ត្រូវចុះជួបផ្ទាល់​ជាមួ​យ​ប្រជា​ព​ល​រ​ដ្ឋ​ឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូ​លដ្ឋា​ន​ ​ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាម​អភិក្រម​​ទាំង៣របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបានធ្វើឲ្យលឿន និងធ្វើឲ្យមាន​តម្លា​ភាព​ហើ​យ​រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ​វិស័យ​អាទិ​ភា​ព​នា​នា​ជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរដោយ ផ្អែកតាមច្បាប់ស្តីពីការគ្រប់​គ្រងរដ្ឋបាលឃុំ សង្កាត់ គឺក្រុមប្រឹក្សាឃុំ សង្កាត់មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់​នៅពេ​ល​ក្រុ​ម​ប្រឹក្សាថ្មីចូលកាន់មុខតំណែង។

សូមបញ្ជាក់ផងដែរថា: តាមប្រកាសលេខ១៦៧៨ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២  របស់​ក្រសួង​​​មហាផ្ទៃ សម្រេចតែងតាំងលោក ប៊ឹង លំអង ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខ​តំណែងជាអភិបាលរងស្រុកចន្ទ្រា និងប្រកាសលេខ១៦៧៧ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ សម្រេចប្រគល់ភារកិច្ចជូនលោក ហែម សោភ័ណ្ឌ ឋានន្តរស័ក្តិ​លេខាធិការ​រដ្ឋបាល ថ្នាក់លេខ៧ ជានាយករដ្ឋបាលសាលាស្រុកចន្ទ្រា ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ