សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យ គ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 21, 2019    អ្នកទស្សនា :

      នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅ​ការងារ​ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង​ញៀនខុស​ច្បាប់លើកទី៣ នាទីស្តីការក្រសួងមហាផ្ទៃ។

     ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន បានមានប្រសាសន៍ថា សមិទ្ធិផល និងស្នាដៃទាំងឡាយដែលលេចធ្លោគួរ​ជាទី​មោទនៈ គឺកើត​ចេញ​ពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិសេស ក្នុងរយៈ​ពេល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងទី២ ពី​សំណាក់ថ្នាក់ដឹកនាំ​ មន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធ​សាស្រ្ត​ទាំង៥  និង វិធានការពហុវស័យនានា  ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបន្តថា ដើម្បី​បន្តអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀនបានកំណត់​​​នូវ​ទិស​​ដៅ​បន្ថែមមួយ​ចំនួនដូចខាងក្រោម៖

             ១. បង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ជាអាទិភាពនូវការហូរចូលគ្រឿងញៀននៅតំបន់​ព្រំដែន​កម្ពុជា ឡាវ នៅតាមព្រលានយន្តហោះ​ និងបញ្ញើរប្រៃសណីយ៍ដោយការពង្រឹងការ​ប្រមូល​ព័ត៌មាន​ពីគ្រប់​ប្រភព សំដៅវែកមុខពួកឧក្រឹដ្ឋជនទាំងក្នុងនិងក្រៅប្រទេស ឈានទៅ បង្រ្កាប​បាន​នូវ​​បណ្តាញ​ជួញដូរ​គ្រឿងញៀនទាំងនោះ។

             ២. បង្កើនការអប់រំទៅលើគោលដៅប្រជាពលរដ្ឋទូទៅ អោយបានសកម្មនិងផុលផុស​ថែម​ទៀត ដោយចលនាឱ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គម   បញ្ជ្រាប​ខ្លឹមសារ​អប់រំ​ស្តីពី​​បញ្ហា​គ្រឿងញៀន​ទៅ​ក្នុង​គ្រប់វេទិការ និងព្រឹត្តការផ្សេងៗនៅភូមិសាស្ដ្រនៃ​ដែន​សមត្ថកិច្ច​របស់​​​ខ្លួន។

             ៣. ពង្រឹងវិធានការព្យាបាល សមត្ថភាព គុណភាព និងប្រសិទ្ធភាព ស្តារនីតិសម្បទា និងសមាហរ​ណ​កម្ម ដោយចាត់ចែង អនុវត្តឱ្យបានពេញលេញតាមស្មារតីអនុក្រឹត្យ​ស្តីពីការ​រៀប​ចំ​និងការប្រព្រឹត្តទៅ​របស់​គណៈ​កម្មការ​ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយជម្រុញឱ្យ​ដំណើរ​ការឱ្យ​បាន​សកម្មនូវការព្យាបាលតាមសហគមន៍ ។ ពង្រឹង​សមត្ថភាព​មណ្ឌល​បណ្តោះ​អាសន្នរបស់រដ្ឋ​ដោយពង្រឹងផែ្នក​វេជ្ជសាស្រ្ត បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមា​ហ​រណកម្ម ដោយធានាកាត់​បន្ថយការលាប់ឡើងវិញ និងបង្កើត​យន្ត​ការ​ជាក់លាក់សម្រាប់ការធ្វើ​សមាហរណកម្ម​និង​ការថែ​ទាំ​​បន្តនៅតាមឃុំ សង្កាត់ ។ ការបង្កើតប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យអ្នក​ញៀន​​គ្រឿងញៀនឱ្យបានច្បាស់លាស់តាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និង​សហការ​ជា​មួយដៃគូពាក់ព័ន្ធដើម្បីស្រាវជ្រាវរកវិធីសាស្រ្តព្យាបាលអ្ន​កញៀនគ្រឿងញៀន​ឱ្យកាន់តែល្អ​ប្រសើរឡើង ។

             ៤. ពង្រឹងយន្តការ សេនាធិការ ដើម្បីអនុវត្តការដឹកនាំពហុវិស័យក្នុងការប្រយុទ្ធប្រឆាំង គ្រឿង​ញៀន​​នៅ​ថ្នាក់ស្រុក ខណ្ឌ ឃុំ សង្កាត់ គោលដៅ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿង​ញៀន​ទទួល​បាន​លទ្ធ​ផល​ល្អប្រសើរនិងមាននិរន្តរភាពទាំងការងារតាមដានបូកសរុបរាយការណ៍ ។ល។

             ៥. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសនានាក្នុងសកលលោក ក្នុង តំបន់ និង​ប្រទេស​ជាប់ព្រំដែន តាមគ្រប់យន្តការ ទ្វេភាគី ត្រីភាគី ពហុភាគី ដើម្បីទប់ស្កាត់ការ ចរាចរ និងការប្រើប្រាស់​គ្រឿងញៀននៅតាមព្រំដែននិងការកសាងភូមិបៃតងនៅតាមព្រំដែន។ ជាមួយនេះ ត្រូវបន្តសហការជាមួយ​អង្គការដៃគូជាតិនិងអន្តរជាតិដើម្បីគាំទ្រការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនៅកម្ពុជា ។

             ៦. អនុវត្តគោលនយោបាយនិងលើកទឹកចិត្តដល់អង្គភាព បុគ្គល មានស្នាដៃពិតប្រាកដ ដោយ​បង្កើត​ឱ្យ​មានគណៈកម្មការនៅតាមក្រសួងស្ថាប័ននិងអង្គភាពនិមួយៗដើម្បីទទួលរ៉ាប់រង ការងារនេះ ។

             ៧. អំពាវនាវដល់ផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីរួមចំណែកដល់ការអនុវត្ត យុទ្ធនាការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនលើកទី៤ និងទិសដៅការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀនឆ្នាំ២០១៩ ដើម្បី​នាំមកនូវលទ្ធផលកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សានូវសុខុមាលភាព និងធនធានមនុស្សរបស់កម្ពុជាយើង។

             ព្រមជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំ និង ជម្រុញ​ឱ្យ​មន្រ្តីពាក់ព័ន្ធ អាជ្ញាធរ រាជធានី\ខេត្ត និងសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ និងប្រជាពល​​រដ្ឋ បន្តយក​ចិត្តទុក​ចូលរួមពង្រឹងយន្តការ ទប់ស្កាត់ បង្ការ និងបង្រ្កាបឱ្យបានចំពោះគ្រឿងញៀនខុស​ច្បាប់​នៅគ្រប់ទីតាំងក្នុង​មូលដ្ឋាន សំដៅរួមគ្នាលុបបំបាត់ ការជួញដូ និងការ ធ្វើចរាចរ​គ្រឿង​ញៀន​នៅកម្ពុជា។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានក្រើនរំលឹកដល់មន្រ្តី​មានសមត្ថកិច្ច​​ពាក់ព័ន្ធ​ទាំងអស់ចៀស​អោយឆ្ងាយចំពោះការ​អន្តរាគមន៍ ទៅលើគ្រប់រូបភាព​​ចំពោះបទល្មើសគ្រឿងញៀន និងជ្រៀតជ្រែកការងារជំនាញរបស់មន្រ្តី​មានសមត្ថកិច្ច​ ដែលទង្វើទាំងអស់នោះវានឹងធ្វើឱ្យ​ខូចដល់​ប្រព័ន្ធ​យុត្តិធម៌របស់យើង។ លើសពីនេះត្រូវ​ការពារ​ដាច់ខាត មិនត្រូវឱ្យគ្រឿងញៀន​ចូលដល់ក្នុង​សាលា​រៀន​ដែលវានឹងធ្វើអោយប៉ះ​ពាល់យ៉ាងធ្ងន់ធ្ងរ​ដល់យុវជនផងដែរ។

      គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨លទ្ធផលបង្កា្របបទល្មើសគ្រឿងញៀន សរុបបាន ៨.០០២ករណី (ធៀបនឹងឆ្នាំ២០១៧ មាន៨.១៧៣ករណី) ថយចុះ១៧១ករណី ស្មើនឹង២,១០% ក្នុងនោះ ករណី​ជួញដូររក្សាទុក ៤.៩៧២ករណី ករណីប្រើប្រាស់២.៩៨២ករណីកែច្នៃ២ករណី និងដាំដុះ៤៦ករណី។ ជន​សង្ស័យ ឃាត់ខ្លួនបាន១៦.២១៦នាក់/ស្រី ១.៣៣៣នាក់ (ធៀបជាមួយឆ្នាំ២០១៧ មាន១៧.៨០០នាក់) ថយចុះ ១.៥៨៤នាក់ ស្មើនឹង៨.៩១% ក្នុងនោះជនសង្ស័យក្នុង៖ ករណីជួញដូរ រក្សាទុក ៨.៩៩២នាក់ (ស្រី៩០៦នាក់) ករណីប្រើប្រាស់គ្រឿងញៀន ៧.២០៩នាក់ (ស្រី៤២៥នាក់) ករណីកែច្នៃ៤នាក់ (ភេទ​ប្រុស) និងករណីដាំដុះ ៧នាក់(ស្រី៤នាក់) ដែលរួមមានជនជាតិខ្មែរ ១៥.៨៨៥នាក់ (ស្រី១.២៩៥នាក់) និងជនបរទេស ៣៣១នាក់(ស្រី៥០នាក់) ស្មើនឹង២៥ជនជាតិ។ គ្រឿងញៀនសរុបយកបាន ៥៣៦.៣៥៤,៤៤គីឡូក្រាម ក្នុងនោះ៖ មេតំហ្វេតាមីនក្រាមម្សៅ( ICE) =៣០៦.៦៣០,៨៣គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ (WY) = ៦៩២៦,៣០គីឡូក្រាម អិចស្តាស៊ី=១៧៩.៧៦០,៤២គីឡូក្រាម ហេរ៉ូអ៊ីន=១.៣២៨,៦២គីឡូក្រាម កូកាអ៊ីន=៥.៣៧៩,៧៥គីឡូក្រាម និងកេតាមីន=៣៦.៣២៨,៥២គីឡូក្រាម៕ គឹមអាន

             ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

            

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ