សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូក្នុងការចួលរួមរបស់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ហើយតែងតែខិតខំធ្វើយ៉ាងណាលើកកម្ពស់ភាពជាដៃគូរវាងភាគីទាំងពីរអោយកាន់តែជិតស្និតតាមរយៈការបង្កើតឡើងជាវេទិកានានា ដែលជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំចំនួនពីរលើកកន្លងមកហើយ ដោយលើកទីមួយរៀបចំដោយក្រសួងមហាផ្ទៃ និងលើកទីពីរគឺរៀបចំដោយក្រសួងការបរទេស និងកិច្ចចសហប្រតិបត្តិការអន្តរជាតិ។ ការបញ្ជាក់ដូច្នេះតាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រោយបញ្ចប់ជំនួបរវាងសម្តេចក្រឡាហោម ស ខេង ជាមួយប្រតិភូជាន់ខ្ពស់សហភាពអឺរ៉ុប នៅព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានមានប្រសាសន៍បន្តថា សម្តេចបានជំរាបជូនដល់គណៈប្រតិភូអឺរ៉ុបដែរថា អ្វីៗទាំងអស់គឺរាជរដ្ឋាភិបាលកំពុងតែអនុវត្តតាមសេចក្តីថ្លែងការរបស់រាជរដ្ឋាភិបាលដែលបានចេញកាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅដែលក្នុងនោះមានចែងទាំងអស់អំពីអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ បញ្ហាសិទ្ធការងារ បញ្ហាដីធ្លី ដែលនេះគឺជាអ្វីដែលរដ្ឋាភិបាលកំពុងខិតខំអនុវត្ត ហើយអ្វីទាំងនេះគឺជាគោលការណ៍រួមដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ហើយនឹងបន្តធ្វើការជាដំណាក់កាល និងជាបន្តបន្ទាប់ផងដែរ។ សម្តេចបញ្ជាក់ទៀតថា កម្ពុជាត្រូវការមិត្តគ្រប់ទិសទី មិនថា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ឬក៏ប្រទេសណាទេ ទាំងក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន។ សម្តេចក្រឡាហោមក៏បានលើកឡើងថា ចំពោះការបង្កើតឡើងនូវច្បាប់អង្គការសង្គមស៊ីវិល មុននឹងចេញជារូបរាងឡើងនោះគឺរាជរដ្ឋាភិបាល រៀបចំជាវេទិការពិគ្រោះយោបល់រវាងដៃគូពាក់ព័ន្ធ និងបណ្តាមិត្តភ័ក្តបរទេសមួយចំនួន ដើម្បីសម្រេចបាននូវច្បាប់នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បានបន្ថែមអោយដឹងទៀតថា សម្តេចក្រឡាហោមបានជំរាបដល់ប្រតិភូជាន់ខ្ពស់សហភាពអឺរ៉ុបដែរថា ទោះបីដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាពុំទាន់មានភាពល្អឥតខ្ចោះយ៉ាងណាក៏ដោយ ប៉ុន្តែគោលការណ៍គ្រឹះនៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺបានចាក់ឬសរួចទៅហើយ ហើយកម្ពុជាមិនអាចបោះបង់នូវផ្លូវប្រជាធិបតេយ្យនេះបានទេ ហើយអ្វីដែលសំខាន់គឺគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ថា ចំនុចសំខាន់ពីរដែលបានចែងក្នុងរដ្ឋធម្មនុញ្ញហើយមិនអាចប៉ះពាល់បាននោះគឺ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះ។ សម្តេចបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំអនុវត្តនូវកំណែទំរង់វិមជ្ឍកាល និងវិសហមជ្ឍកាល ដែលនេះជាផ្នែកមួយនៃការពង្រឹងលិទ្ធិប្រជាធិបតេយ្យផងដែរ ដែលរាជរដ្ឋាភិបាលបានបែងចែកនូវអំណាចពីថ្នាក់ជាតិ ទៅដល់ថ្នាក់ក្រោមជាតិដើម្បីធ្វើជាម្ចាស់អំណាចផ្ទាល់ ធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។
តាមការអោយដឹងដដែរពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត គណៈប្រតិភូអឺរ៉ុប ដឹកនាំលោកស្រី Paola Pampaloni បានឯកភាព និងមើលឃើញនូវវឌ្ឍនៈភាពកន្លងមកក្នុងការលើកកម្ពស់ចូលរួមរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលតាមរយៈនូវការបង្កើតយន្តការថ្មីៗដូចអ្វីដែលសម្តេចក្រឡាហោមបានលើកឡើង។ ដោយឡែកចំពោះសកម្មភាពនយោបាយក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យ សហភាពអឺរ៉ុបគឺមិនគាំទ្រចំពោះបុគ្គលណាមួយ ឬក៏គណបក្សណាមួយនោះទេ ប៉ុន្តែអ្វីដែលសហភាពអឺរ៉ុបចង់បាន និងគាំទ្រនូវគោលការណ៍រួម ដើម្បីអោយមានគ្រប់សមាសភាពសង្គមបានចូលរួមចំណែកជាមួយគ្នាក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
ដោយឡែកចំពោះបញ្ហា EBA លោកស្រីបានបញ្ជាក់ថាតាមរយៈជំនួបនេះគឺមិនមែនជាជំនួបនៃការដក EBA ពីកម្ពុជានោះទេ ប៉ុន្តែគឺជាជំនួប ដើម្បីធ្វើការជាមួយគ្នា ផ្តល់កិច្ចសន្ទនាជាមួយគ្នាស្វែងរកចំនុចរួម សម្រាប់បង្កើន និងស្វែងរកដំណោះស្រាយ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហភាពអឺរ៉ុប ហើយដើម្បីបំរើដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ ជាងនេះទៅទៀត លោកស្រីបានបញ្ជាក់ដែរថា EU គឺចង់បង្កើនភាពជាដៃគូអោយកាន់តែប្រសើរថែមទៀតជាមួយកម្ពុជា ហើយនឹងបន្តនូវអ្វីដែល EU បានជួយកន្លងមកនូវកម្ពុជាផងដែរ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា