សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​របស់​ក្រសួងមហាផ្ទៃ
February 14, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ​១០កើត ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និ​បាតត្រួតពិនិត្យ​លទ្ធផល​ការ​ងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដោយ មានការ​អញ្ជើញ​ចូលរួមពី ថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់ជាន់​ថ្នាក់នៃ​ក្រសួងមហាផ្ទៃ ព្រមជាមួយអភិបាលរាជធានី ខេត្ត ជាច្រើនផងដែរ។   

      យោងតាមកិច្ចពិភាក្សាដែលអង្គសន្និបាតបាន​បែងចែកតាមប្រធានបទក្នុងរយៈពេល​មួយថ្ងៃ​កន្លងមក សម្រេចបានលទ្ធផលជាច្រើនរួមមាន៖ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ, ការ​គ្រប់គ្រងដែនដី, ការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើ​អាជីវ​កម្ម​ផ្លូវ​ភេទ, ការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, ការងារអត្តសញ្ញាណកម្ម, ការងារអន្តោប្រវេសន៍, ការងារពន្ធនាគារ, ការងារទទួលដោះស្រាយបណ្ដឹង ការចុះអធិការកិច្ច និងការចុះតាម​ដាន​សេចក្ដី​ជូនដំណឹង, ការងារសវនកម្មផ្ទៃក្នុង, ការងារបណ្ឌិត្យសភានគរបាលកម្ពុជា, ការងារភស្តុភារ និង​ហិរញ្ញវត្ថុ, ការងារទំនាក់ទំនងអន្តរជាតិ, និងការងារអភិវឌ្ឍន៍ធនធានមនុស្ស។

     ព្រមជាមួយគ្នានោះដែរ ក្រសួងក៏បានកំណត់ចេញនូវទិសដៅយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ សម្រាប់​អនុវត្តក្នុងឆ្នាំ២០១៩នេះ រួមមាន៖​ ទី១​ បន្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ,​ ទី២​ ជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ទី៣​ខិតខំប្រមូលផ្ដុំបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងខិតខំដោះស្រាយ​បញ្ហាប្រឈម​នានា​ប្រកបដោយយុត្តិធម៌ តម្លាភាព ទាន់ពេលវេលា អត់ធ្មត់ខ្ពស់ បញ្ចៀសអំពើហិង្សា និងទី៤​ ពង្រឹង​ការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាព​​។

     សូមបញ្ជាក់ដែរថា ក្នុងពិធីបិទសន្និ​បាតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​បំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ និងគ្រឿងឥស្សរិយយស ដល់មន្រ្តីនគរបាលជាតិ និង​មន្ត្រីរដ្ឋបាលស៊ីវិលក្រសួងមហាផ្ទៃផងដែរ៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ