ក្រសួងមហាផ្ទៃ នៅតែរក្សាបាននូវកិត្យានុភាពការងារប្រកបដោយប្រសិទ្ធភាព និងសម្រេចបានសមិទ្ធ​ផលជា​ច្រើន​ក្នុង​រយៈពេលមួយឆ្នាំកន្លងមក
February 13, 2019    អ្នកទស្សនា :

       សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រសួងមហាផ្ទៃ​ នៅតែរក្សាបាននូវកិត្យានុភាពការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និងសម្រេចបានសមិទ្ធផលជាច្រើន ដែលកម្ពុជានៅតែបន្តរក្សាបាននូវសុខសន្តិភាព និងការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីបានយ៉ាងគត់មត់ ខឿនសន្តិសុខជាតិ​នៅតែរក្សា​បាន​​យ៉ាងល្អប្រសើរ ខណៈដែលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ទទួលរងនូវភាពអសន្តិ​សុខក្រោមសម្ពាធនៃការប្រកួតប្រជែង យោធា នយោបាយ និងសេដ្ឋកិច្ឋ​របស់ប្រទេស​មហា​អំណាច​ធំៗ។

     សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល​ការងារឆ្នាំ​២០១៨ និងលើកទិសដៅ​ការងារ​ឆ្នាំ​២០១៩ នាព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩​ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡា​ហោម​បន្ត​ថា សាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ត្រូវបានរក្សាការពារយ៉ាងរឹងមាំ និងកម្លាំងប្រដាប់អាវុធខុសច្បាប់ ក៏ដូចជាសកម្មភាពប៉ុនប៉ងបង្កចលាចលវឹកវរនានាក្នុងសង្គម ត្រូវបានរាំងខ្ទប់បានទាន់ពេលវេលា ជាក់​​ស្តែងក្រសួងមហាផ្ទៃ បង្រ្កាបបាននូវបទល្មើសព្រហ្មទណ្ឌជាច្រើន ដែលភាគច្រើន​ជាបទល្មើស​មជ្ឈិម ដោយអាជ្ញាធរសមត្ថកិច្ច ខិតខំប្រឹងប្រែងអនុវត្តន៍ បង្ក្រាបបានជាង ៨៧% ដែលជាចំនួន​មួយខ្ពស់​គួរ​អោយកត់សម្គាល់ផងដែរ។ សម្តេចបានបន្ថែមទៀតថា ការអនុវត្តយុទ្ធនា​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សម្រេចបានលទ្ធផលល្អកាន់តែប្រសើរ ទាំងការងារផ្សព្វផ្សាយអប់រំ ការងារ​អនុវត្តច្បាប់ ការងារព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កិច្ចសហប្រតិបត្តិការ​រវាងក្រសួង ស្ថាប័នជាតិ អន្តរជាតិ និងការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

     សម្តេចក្រឡាហោម បានលើកឡើងបន្ថែមទៀតថា ក្រសួងបានដោះស្រាយនូវបញ្ហាជាច្រើនលើ​ការងារអត្តសញ្ញាណកម្ម ដែលបានដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយឆ្លើយតបបាន​តាម​តម្រូវការ ព្រមទាំងដោះស្រាយបាននូវសំណូមពរ និងបញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត ការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញ​ចូលតែមួយក៏មានលទ្ធផល​ល្អជាច្រើនផងដែរ ដោយនៅក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការអង្គភាពច្រកចេញ​ចូលតែមួយនៅថ្នាក់រាជធានី ខេត្តទាំង២៥ និងការិយាល័យចក្រចេញចូលតែមួយនៅស្រុកគោល​ដៅចំនួន ៦បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ៕គឹមអាន-យ៉ាមី

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ