ឯកឧត្តម សក់ សេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ
October 15, 2018    អ្នកទស្សនា :

     នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលលថ្វាយកម្រងផ្កាគោរព​ព្រះវិញ្ញាណក្ខន្ធ នៅមុខស្តូបព្រះបរមរូប ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៦ឆ្នាំ នាសួនច្បារខាងកើតវិមានឯករាជ្យ។ 

     តាំងនាមគណៈប្រតិភូជាន់ខ្ពស់​ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃទាំងអស់ ចងចាំមិនភ្លេចនូវព្រះមហាគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាល និងឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ​ជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវរសកម្មភាពដ៏លើសលប់របស់ព្រះអង្គ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯកបូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក ។

     សូមបញ្ជាក់ថា ព្រះរាជបូជនីយកិច្ចដែលចងចាំមិនអាចបំភ្លេចបានរបស់ព្រះអង្គសម្រេចបានរួមមាន៖
* ឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាម ទារ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង ពីរាជាណាចក្រថៃឡង់ដ៍ ដែលបានបាត់បង់ក្នុងសង្គ្រាមលោក លើកទី២។
* ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ 
* ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ បានទាមទារកេតនភណ្ឌឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង ជូនព្រះរាជាអាណាចក្រកម្ពុជា។

     គួររំលឹកដែរថា ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះរោគគាពាធ៕ គឹមអាន

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ