លទ្ធផលស្តីពីការ​អញ្ជើញចូលរួមរបស់សម្តេចក្រឡាហោម ស ខេង​ ក្នុងសន្និសីទ​ស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស
October 14, 2018    អ្នកទស្សនា :

     ឯកឧត្តម​ ផាត សុផានិត នាយករងខុទ្ទកាល័យ និងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ​ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជាលទ្ធផលសម្រាប់ការចូលរួមរបស់សម្តេចក្រឡាហោម នៅក្នុងសន្និសីទស្តីពីពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ លើកទី៤នេះ សម្តេចក្រឡាហោម​ បានលើឡើងនៅក្នុងសន្និសីទនោះគឺ កម្ពុជាមិនមែនជាប្រទេសដែលអនុញ្ញាតឲ្យមានការជួញដូរផលិតផលសត្វព្រៃស្របច្បាប់នោះទេ ហើយក៏មិនមែនជាប្រទេសដែលមានតម្រូវការផលិតផលសត្វព្រៃសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះដែរ ប៉ុន្តែការវិវត្តន៍នៃស្ថានភាពសកលលោកនាពេលបច្ចុប្បន្ននេះ បានបណ្តាលអោយកម្ពុជាទៅជាប្រទេសឆ្លងកាត់សម្រាប់ឧក្រិដ្ឋជន​ចរាចរផលិតផលសត្វព្រៃខុសច្បាប់ទៅកាន់ប្រទេសគោលដៅរបស់គេ។   

     ឯកឧត្តមបន្ថែមថា​ ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​សត្វព្រៃ​ខុសច្បាប់​នេះ មិនមែន​ត្រឹមតែ​ប្រយុទ្ធប្រឆាំង​បទល្មើស​សត្វព្រៃ​ខុសច្បាប់​ទេ ដោយសារតែ​វិសាលភាព​នៃ​បទល្មើស​នេះ អាច​ជះឥទ្ធិពលដល់​បទល្មើស​ដទៃទៀតដូចជា ការជួញដូរគ្រឿងញៀន ជួញដូរ​មនុស្ស​ឆ្លងដែនជាដើម​ តាមរយៈប្រាក់ដែលបានមកពីការជួយដូរនេះ។

     ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តបន្តអនុវត្តនូវគោលការណ៍នូវចំណុចសំខាន់មួយចំនួនដូចជា៖ ទី១៖ បន្តកែលម្អលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់, ទី២៖ បន្តពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែតឹងរឹង តាមរយៈការរឹតបន្តឹងការដាក់ទោសទណ្ឌ ឬការផ្តន្ទាទោសចំពោះសកម្ម ភាពល្មើសច្បាប់ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់, ទី៣៖ សហការកៀរគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានឯកជន អង្គការសង្គមស៊ីវិល ដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ, ទី៤៖ បន្តផ្សព្វផ្សាយបង្កើនការយល់ដឹងតាមរយៈការអប់រំណែនាំសាធារណជនទូទៅឲ្យយល់ដឹងពីតម្លៃ និងសារៈសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃ និងទី៥៖ បន្តផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទជាមួយស្ថាប័នអនុវត្តច្បាប់ក្នុងការចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃឆ្លងដែនគ្រប់ទម្រង់។

     ឯកឧត្តម បញ្ជាក់ដែរថា សម្តេចក្រឡាហោម​ បានជួបប្រាស្រ័យទំនាក់ទំនងផ្ទាល់ជាមួយព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស ដែលជាភាគីម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះផងដែរ៕សិដ្ឋ

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ