សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ អនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ. ប)។
June 22, 2018    អ្នកទស្សនា :

        នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨  នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំ អនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ. ប)។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រួតពិនិត្យលើស្ថានភាពនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងឆមាសទី១នៃឆ្នាំ២០១៨នេះ តាមរយៈការរៀបចំ និងការអនុវត្តផែនកាសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប. ដែលយើងបានពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំលើកទី១៥ របស់ គ.ជ.អ.ប. នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។

         សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដើម្បីធានាដល់ការ ពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ និងមាននិរន្តរភាពក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួលការងារកំណែទម្រង់ដ៏មានសារៈសំខាន់នេះ ចាប់ពីឆ្នាំ២០១៨នេះតទៅ ត្រូវដាក់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប. ទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ ជំនួសអោយប្រើប្រាស់ថវិកាកន្លងមកជាថវិកាកញ្ចប់រួម របស់ គ.ជ.អ.ប. ដែលជាហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍន៍ សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការអនុវត្តសកម្ម ភាពស្នូលនានានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីដៃគូអភិវឌ្ឍន៍មួយចំនួនបានបញ្ចប់ការគាំទ្ររបស់ពួកគេកាលពីចុងឆ្នាំ២០១៧កន្លងទៅ។

        សម្តេចក្រឡាហោមបានបញ្ជាក់ដែរថា ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨របស់ គ.ជ.អ.ប. នេះគឺជាផែនការអនុវត្តឆ្នាំទី១នៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
           សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប គឺពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧គឺ: ១-ការពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៥របស់ គ.ជ.អ.ប, ២-ការពិនិត្យ ពិភាក្សាលើស្ថានភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប, ៣-ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីណែនាំស្តីពីការពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ, ៤-ការពិនិត្យ ពិភាក្សាលើស្ថានភាពនៃការផ្ទេរមុខងារ និងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ, ៥-ការពិនិត្យ ពិភាក្សាលើវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈមនៃការរៀបចំយន្តការ ច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ៦-ការពិនិត្យ ពិភាក្សាលើលទ្ធផលនៃការសិក្សាសម្រាប់ការដាក់ឱ្យដំណើរការនូវសាលាជាតិរដ្ឋបាលមូលដ្ឋាន , និង៧-បញ្ហាផ្សេងៗ ដែលរួមមាន២បញ្ហា គឺការជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិកនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ