នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលនានា ស្ថិតក្នុង វត្តគោខ្ចក ឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពិធីសម្ពោធនេះមានការអញ្ជេីញចូលរួមពីគណៈអធិបតី និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់សាលាខេត្ត ស្រុក ឃុំ ភូមិ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ១០៤០នាក់។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើ ជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស ដល់អ្នកដែលមានស្នាដៃក្នុងការចូលរួមកសាងក្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងជូនទេយ្យទានដល់តាជី យាយជី ដែលបានអញ្ជើញចូលរួមផងដែរ៕