ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
October 27, 2023    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន និង ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការរៀបចំកិច្ចប្រជុំនេះគឺធ្វើឡើងក្នុងគោលបំណងពិនិត្យលើបែបបទ និងនីតិវិធីនៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាថ្មី ដើម្បីស្របតាមស្ថានភាព និងការវិវឌ្ឍរបស់សង្គមជាក់ស្តែង។ ឯកឧត្តម បានបន្តទៀតថា កន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តអនុក្រឹត្យបានល្អប្រសើរហើយ ប៉ុន្តែដោយសារការវិវឌ្ឍសង្គម អគ្គនាយកដ្ឋានបានស្នើសុំឲ្យមានការកែសម្រួលឡើងវិញ ដើម្បីឲ្យមានការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងនេះ។ បន្ថែមពីនេះ ការធ្វើសេចក្តីព្រាងវិសោធនកម្មអនុក្រឹត្យខាងលើនេះ គឺត្រូវមានការសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បន្ថែមថា ដោយមានការវិវត្តនៃស្ថានភាពសង្គម អនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅមានបញ្ហាប្រឈម និងចន្លោះប្រហោង ដែលមិនទាន់អាចឆ្លើយតបបានតាមស្ថានភាពជាក់ស្ដែងនៅឡើយ ទើបស្ថាប័នពាក់ព័ន្ធស្នើសុំឲ្យមានការកែសម្រួល និងការពិភាក្សាគ្នាឲ្យបានល្អិតល្អន់លើកិច្ចការងារនេះ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្រសួងពាក់ព័ន្ធនឹងការងារនេះមានចំនួន៤ រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឲ្យក្រុមការងារជំនាញពាក់ព័ន្ធរួមគ្នាផ្ដល់យោបល់ ធាតុចូល និងពិនិត្យឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យសេចក្តីព្រាងអនុក្រឹត្យនេះអាចបញ្ចប់បានប្រកបដោយប្រសិទ្ធភាពខ្ពស់ មុននឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្នុងការរៀបចំកិច្ចប្រជុំអន្តរក្រសួងជាបន្តទៀត។

គួរជម្រាបថា អនុក្រឹត្យនេះមានគោលបំណងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្តនៅព្រះរាជាណាចក្រកម្ពុជា ហើយអនុក្រឹត្យនេះមានគោលដៅកំណត់បែបបទចេញ ចូល និងស្នាក់អាស្រ័យចំពោះជនបរទេសមិនមែនអន្តោប្រវេសន្តនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ