លោកជំទាវ អុង សុភាវី អនុញ្ញាតឱ្យ អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍយេនឌ័រ និងសង្គម នៃ ADB ចូលជួបពិភាក្សាការងារ
September 29, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកស្រី Veronica Mendizabal Joffre អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍយេនឌ័រ និងសង្គម (CCGE) នៃធនាគារអភិវឌ្ឍអាស៊ី (ADB) និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ អុង សុភាវី ប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាំងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកជំទាវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង បានជួបសំណេះសំណាលជាមួយ ក្រុមការងារបច្ចេកទេសផ្នែកអភិវឌ្ឍយេនឌ័រ ដោយមានបញ្ហាជាច្រើនដែលត្រូវជជែកគ្នា នាពេលនេះ ទាក់ទងទៅនឹងបញ្ហាប្រឈម និងតម្រូវការនានា ក្នុងការអភិវឌ្ឍសកម្មភាពជាតិ ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។

នាឱកាសនោះ លោកស្រី Veronica Mendizabal Joffre បានលើកឡើងថា បច្ចុប្បន្ន ADB កំពុងផ្ដល់ឥណទានឥតសំណង ការអនុវត្តគម្រោងទាក់ទងទៅនឹងការប្រឆាំងអំពើហិង្សាលើយេនឌ័រ ហើយគម្រោងនេះ ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ស្ដីពីការទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ នៅកម្ពុជា។ លោកស្រី បានសង្កេតឃើញថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានអនុវត្តសកម្មភាពការងារជាច្រើន ដើម្បីទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។

លោកស្រី បន្ដថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវការលុបបំបាត់អំពើហិង្សាលើយេនឌ័រទាំងស្រុង ក្នុងឆ្នាំ២០៣០ ដូច្នេះ ADB សង្ឃឹមថា ADB ក៏ជាចំណែកមួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សានេះ ទាំងស្រុងផងដែរ។ លោកស្រី បន្ថែមថា ADB ក៏មានគម្រោងពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ ហើយ ADB សង្ឃឹមថា គម្រោងនេះ នឹងអនុម័តចេញជារូបរាង ចុងឆ្នាំ២០២៤ ខាងមុខ ហើយគោលដៅអនុវត្តគម្រោងនេះ មានចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ, ផ្ដល់សេវាបន្ទាន់ ពង្រឹងការយល់ដឹង ក៏ដូចជាការចូលរួមរបស់សហគមន៍។

ជាការឆ្លើយតប លោកជំទាវ ប្រធានក្រុមការងារយេនឌ័រ បានថ្លែងអំណរគុណចំពោះ លោកស្រី Veronica Mendizabal Joffre ដែលបានដាក់ចេញនូវគោលដៅចំនួន៣ ខាងលើនេះ ក្នុងការជួយប្រទេសកម្ពុជា ជាពិសេសជួយទៅលើស្ដ្រី។ លោកជំទាវ ក៏បានបង្ហាញមោទនភាព ចំពោះស្ដ្រី នៅកម្ពុជា ដែលមានការយកចិត្តទុកដាក់ពីអង្គការដៃគូរនានា ពិសេស គម្រោងអភិវឌ្ឍអាស៊ី។

លោកជំទាវ ប្រធានក្រុមការងារ បន្ថែមថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាល នឹងធ្វើផែនការសកម្មភាពជាតិមួយ ដើម្បីទប់ស្ដាត់អំពើហិង្សាលើយេនឌ័រ សម្រាប់ឆ្នាំ២០២៤ និង២០២៨ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកជំទាវ គូសបញ្ជាក់ថា នាពេលកន្លងមក ការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ គឺជាអាទិភាពចំបង ដែលត្រូវយកចិត្តទុកដាក់បំផុត។

ជាថ្មីម្ដងទៀត តាងនាមឱ្យ ក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, លោកជំទាវ អុង សុភាវី បានថ្លែងអំណរគុណចំពោះ ក្រុមការងារធនាគារអភិវឌ្ឍអាស៊ី មានការចាប់អារម្មណ៍មកលើក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមគាំទ្រ ទាំងធនធាន និងបច្ចេកទេស មកដល់ក្រសួងមហាផ្ទៃ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ