ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូអគ្គកុងស៊ុលស្វីស
September 18, 2023    អ្នកទស្សនា :
ភ្នំពេញ ៖ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ព្រមទាំងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលស្វីស ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ដឹកនាំដោយ លោក Jacques Edouard Baudevin អគ្គកុងស៊ុល និងជាប្រធានកុងស៊ុលស្វីសប្រចាំតំបន់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសស្វីស និងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ចាក់ជូនគណៈប្រតិភូថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងសម្រួលសម្រួលដោះស្រាយនូវរាល់បញ្ហាសំណើ-សំណូមពររបស់ភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនគ្រប់ជាតិសាសន៍ ពិសេសជនជាតិស្វីស។ ក្នុងជំនួបនេះ គណៈប្រតិភូស្វីស ដែលដឹកនាំដោយ លោក Jacques Edouard Baudevin បានលើកឡើងនូវសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬក៏មកស្នាក់នៅធ្វើការនៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានឯកភាពចំពោះការលើកឡើងរបស់គណៈប្រតិភូស្វីស ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តកម្ពុជា ជាមួយអគ្គកុងស៊ុលស្វីស ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តម ក៏មានប្រសាសន៍ទៀតថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ទទួលចាំសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។ ជាទីបញ្ចប់ គណៈប្រតិភូស្វីស បានថ្លែងអំណរគុណ និងកោតសសើរចំពោះថ្នាក់ដឹកនាំ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងនាយកដ្ឋាននគរបាលទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធចំពោះភ្ញៀវទេសចរ និងវិនិយោគិនស្វីស នៅព្រះរាជាណាចក្រកម្ពុជា៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ