ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ
September 18, 2023    អ្នកទស្សនា :
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ នាឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម សន្ដិបណ្ឌិត បន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា រហូត មកដល់ពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យមានការជួសជុលអគារអមសងខាង និងលាបពណ៌ ឱ្យប្រហាក់ប្រហែលជាមួយអគារទីស្ដីការថ្មី។ ចំពោះការងាររៀបចំពិធីសម្ពោធអគារទីស្ដីការនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងទៀតថា តាមគម្រោង នឹងរៀបចែកសៀវភៅសរសេររៀបរាប់អំពីដំណើរការសាងសង់អគារនេះ ជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួម។ ជាថ្មីម្ដងទៀត ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម-លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានា ប្រចាំប្រទេសកម្ពុជាផងដែរ៕ ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ