ថ្ងៃ​ទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ
March 22, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ ថ្ងៃទី២ របស់ក្រសួងមហាផ្ទៃ។ ក្នុងអង្គសន្និបាតនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់ថ្នាក់នៃក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌនគរបាលជាតិ រដ្ឋបាលស៊ីវិល និងក្របខ័ណ្ឌពន្ធនាគារ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធនានា។ 
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍បូកសរុបលទ្ធផលពិភាក្សាក្រុមនីមួយៗ ទាំង៩ ចំណុច គោរពជូនសម្តេចក្រឡាហោម និងអង្គសន្និបាតជ្រាបជារបាយការណ៍។ 
សម្តេចក្រឡាហោម បានមានមតិបូកសរុបផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់ ចំពោះរបាយការណ៍បូកសរុបនៃក្រុមនីមួយៗ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានធ្វើសេចក្តីរាយការណ៍មុននេះ ដោយសម្តេចបានយល់ស្រប និងឯកភាពនូវលទ្ធផលបូកសរុបទាំងអស់ ទាំងបញ្ហាប្រឈម ការសំណូមពរ ដែលបានដាក់មកក្នុងរបាយការណ៍។
សម្តេច បានបញ្ជាក់បន្ថែមនូវចំណុចខ្លះថា៖ ១.ការគ្រប់គ្រងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងបាតុភាពតវ៉ានានា យើងជាសមត្ថកិច្ចត្រូវតែអនុវត្តឱ្យបានល្អ និងយុត្តិធម៌តាំងពីលើដល់ថ្នាក់មូលដ្ឋាន ត្រូវតែការពារនូវសន្តិសុខ ស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋ ពិសេសក្នុងដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃខាងមុខ ដោយប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការការពារ។ ២.កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវផ្តោតសំខាន់លើការផ្ទេរមុខងារ ធនធាន និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន ដោយខិតខំពង្រឹងសមត្ថភាព និងសេវាកម្មឱ្យបានល្អប្រសើរ បើមានបញ្ហាដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើដើម្បីដោះស្រាយជូនឱ្យទាន់ពេលវេលា។ ៣.ផលិតផលក្លែងក្លាយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវពង្រឹង និងពង្រីកវិសាលភាពឱ្យបានទូលាយក្នុងការគ្រប់គ្រង និងទប់ស្កាត់ឱ្យបាន ពិសេសថ្នាំពេទ្យតែម្តង ព្រោះវាជាអាវុធមុខពីរ អាចសម្លាប់មនុស្សបានយ៉ាងស្រួល។ ម្យ៉ាងសម្តេចនាយករដ្ឋមន្ត្រីក៏បានឯកភាពឱ្យធ្វើសន្និសីទថ្នាក់ជាតិ ស្តីពី “ផលិតផលក្លែងក្លាយ” ដូច្នោះត្រូវតែធ្វើវាឱ្យបានល្អ។ ៤.បញ្ហាចរាចរណ៍ ក៏ដូចគ្នាដែរ ត្រូវតែខំយកចិត្តទុកដាក់ធ្វើវាឱ្យបានល្អ។ ហើយសម្តេចបានស្នើឱ្យក្រុមការងារសុវត្ថិភាពចរាចរណ៍ បន្ថែមនូវឃ្លាមួយ ដែលត្រៀមឱ្យសម្តេចចុះហត្ថលេខា ដើម្បីផ្សព្វផ្សាយមុនចូលឆ្នាំខ្មែរថា “នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ សូមអធ្យាស្រ័យ អត់ធ្មត់ និងសូមកុំឱ្យមានអំពើហិង្សាឱ្យសោះ ត្រូវយោគយល់គ្នា និងទុកឱ្យសមត្ថកិច្ចដោះស្រាយតាមច្បាប់” ជាពិសេសរាជធានីភ្នំពេញ ដូចករណីជាក់ស្តែងដែលកើតមានប៉ុន្មានថ្ងៃមុនចឹង អ្នកបើកបរត្រូវបានប្រជាពលរដ្ឋមួយចំនួនវាយដុំស្ទើរបាត់បង់ជីវិត សូមកុំធ្វើចឹងមិនល្អទេ។
ជាចុងបញ្ចប់ សម្តេចបានគាំទ្រ និងឯកភាពជាថ្មីនូវអ្វីដែលសន្និបាតបានធ្វើ ពិសេសក្រុមពិភាក្សានីមួយៗដែលបានខិតខំពិភាក្សាដោយយកចិត្តទុកដាក់ និងដាក់ជាសំណូមពរមក ដោយសម្តេចព្រមទទួល និងចាត់ចែងទៅតាមអង្គភាព អគ្គនាយកជំនាញដោះស្រាយ ឬដាក់ចេញជាគោលការណ៍ក្នុងការប្រើប្រាស់។ សម្តេចបានជូនពរដល់អង្គសន្និបាតទាំងមូលជួបតែសុខសុវត្ថិភាពកុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់មកទៀត សម្តេចបានចែកលិខិតសរសើរ និងផ្តល់ថវិកា សម្រាប់ភូមិ ឃុំ ដែលទទួលជ័យលាភីក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ជាកិច្ចចប់កម្មវិធីពេលព្រឹក។
ឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព នៅទូទាំងប្រទេស ក្រុមប្រឹក្សាប្រឡងប្រណាំងបានកំណត់ចំណាត់ថ្នាក់ឃុំ-សង្កាត់ទាំង ១.៦៤៦ឃុំ-សង្កាត់ ដូចខាងក្រោម៖
+លទ្ធផលប្រឡងប្រណាំង តាមលក្ខណៈសម្បត្តិទាំង ៥៖
-ប្រភេទ១ : មាន ១.១១៩ឃុំ-សង្កាត់ ស្មើ ៦៨% (កើន២០៧ឃុំ-សង្កាត់ ស្មើនឹង ២៣%)
-ប្រភេទ២ : មាន ៤១១ឃុំ-សង្កាត់ ស្មើ២៥% (ថយ ១១០ឃុំ-សង្កាត់ ស្មើនឹង ២០%)
-ប្រភេទ៣ : មាន ១០២ឃុំ-សង្កាត់ ស្មើ៦% (ថយ ៥៩ឃុំ-សង្កាត់ ស្មើនឹង៣៧%)
-គ្មានចំណាត់ថ្នាក់ : មាន ១៤ឃុំ-សង្កាត់ ស្មើ ១% (ថយ ២៥ឃុំ-សង្កាត់ ស្មើនឹង ៦៤%)។ ជាក់ស្តែង ឆ្នាំ២០១៧ ពិនិត្យឃើញថាមានការចូលរួមចលនានេះ មានការកើនឡើង ទាំងការរៀបចំវេទិកាសាធារណៈ ទាំងការចូលរួមទទួលយកការផ្សព្វផ្សាយអប់រំ ពិសេសតួលេខ ឃុំ-សង្កាត់មានសុវត្ថិភាព បានកើនពី ៧០២ ឡើងដល់ ៧០៧ ឃុំ-សង្កាត់ និងឃុំ-សង្កាត់ ដែលមានចំណាត់ថ្នាក់លេខ១ កើនពី៩១២ ដល់ ១១១៩ ឃុំ-សង្កាត់ ស្របពេលដែលឃុំ-សង្កាត់ដែលគ្មានចំណាត់ថ្នាក់ថយចុះពី ៣៩ឃុំ-សង្កាត់ មកនៅត្រឹម ១៤ឃុំ-សង្កាត់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ