ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង
March 15, 2018    អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គាធិការ អភិបាល អភិបាលរងខេត្ត ស្នងការ ស្នងការរងរាជធានីខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ។ សន្និបាតនេះ ធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ដែលអគ្គាធិការដ្ឋានបានធ្វើកន្លងមក និងដាក់ទិសដៅផែនការឆ្នាំថ្មី ២០១៨ គឺបន្តអធិការកិច្ច នៅមណ្ឌលអប់រំកែប្រែទី១និងទី២ ខេត្តតាកែវ ព្រៃវែង រតនគីរី ស្ទឹងត្រែង កំពង់ចាម កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ  ដើម្បីរួមចំណែកកែទម្រង់ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់អង្គភាពថ្នាក់កណ្តាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយឈរលើគោលការណ៍ឯករាជ្យភាព គណនេយ្យភាព តម្លាភាព និងផ្នែកច្បាប់ក្នុងការអនុវត្តក្របខណ្ឌគតិយុត្តឱ្យបានល្អប្រសើរថែមទៀត។

សម្តេចក្រឡាហោម បានមានមតិស្វាគមន៍ សំណេះសំណាលថា សម្តេចមានកិត្តិយស និងមានសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងបានឯកភាព វាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ ដែលឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលចំណុះឱ្យអគ្គាធិការដ្ឋានទាំងមូល ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និបាតដ៏មានសារៈសំខាន់នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះការតាំងចិត្ត ការចូលរួម និងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់អគ្គាធិការដ្ឋាន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៧ ស្របតាមគោលការណ៍ច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំនានារបស់ក្រសួង សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧ កន្លងមកនេះ ក្នុងនោះមានជាអាទិ៍៖
១.បានដោះស្រាយបញ្ចប់បណ្តឹងចំនួន ២៧សំណុំរឿង  បង្វែរជូនស្ថាប័នអង្គភាពពាក់ព័ន្ធពិនិត្យដោះស្រាយជាសមត្ថកិច្ចចំនួន ៥០សំណុំរឿង នៅសល់មានចំនួន ៣២រឿង កំពុងចាត់ការបន្ត
២.ការងារអធិការកិច្ច បានចុះធ្វើអធិការកិច្ចតាមរបបផែនការនៅរដ្ឋបាលខេត្តចំនួន ០៨ ស្នងការដ្ឋាននគរបាលចំនួន០៨ ពន្ធនាគារខេត្តចំនួន០៦  ច្រកទ្វារព្រំដែនគោកចំនួន ០៣ វរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន០៥ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំនួន ០២ និងការធ្វើអធិការកិច្ចតាមវត្ថុបំណងបានចំនួន១៧ករណី។
សរុបមក អគ្គាធិការដ្ឋានបានរួមចំណែកច្រើន ដើម្បីអនុវត្តតួនាទី ភារកិច្ច របៀបរបបការងារប្រកបដោយតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងបានរួមបង្ការ ទប់ស្កាត់អំពើពុករលួយ និងបង្កើតយុត្តិធម៌សង្គម សំដៅធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចបានបន្តទៀតថា ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ជាអាទិភាពដែលបានកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាល យើងត្រូវរួមគ្នាបន្ត សម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣គឺ៖
  ទីមួយៈ បន្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សា
ធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម
  ទីពីរៈ  បន្តជម្រុញការអភិវឌ្ឍកម្មវិធីកំណែទម្រង់នានា ដែលមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មី បន្ថែមទៀត សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព
  ទីបីៈ ខិតខំប្រមូល បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសគឺការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញ ចូលតែមួយ និងខិតខំដោះស្រាយសំណើសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាប្រឈមផ្សេងៗ សំដៅលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការគ្រប់វិស័យក្នុងសង្គម។

ក្រៅពីអនុសាសន៍ទាំងនេះ សម្តេចបានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំងនគរបាលចំណុះអគ្គាធិការដ្ឋាន ត្រូវយកផែនការសកម្មភាព និងមតិយោបល់ដែលទទួលបានពីសន្និបាតថ្ងៃនេះ ធ្វើជាត្រីវិស័យបង្ហាញផ្លូវសម្រាប់ការធ្វើសកម្មភាពការងាររបស់ខ្លួនក្នុងឆ្នាំ២០១៨ និងឆ្នាំបន្តទៀត។

មុននឹងបញ្ចប់ សម្តេចក្រឡាហោម បានកោតសរសើរជាថ្មី និងជម្រុញបន្ថែមឱ្យអគ្គាធិការដ្ឋានប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលសម្រេចបាននូវជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់នាឆ្នាំខាងមុខៗទៀត។ ជាទីបញ្ចប់ សម្តេចបានជូនពរឱ្យអង្គសន្និបាតទាំងអស់ ទទួលបានតែសុខភាពល្អ និងជោគជ័យការងារដែលក្រសួងមហាផ្ទៃ ក៏ដូចរាជរដ្ឋាភិបាលដាក់ជូន៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ