សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានតំណាងថ្មីនៃអង្គការ JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
May 24, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានតំណាងថ្មី នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)ប្រចាំកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះវត្តមានរបស់លោកប្រធានថ្មីនៃអង្គការ JICAប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។ ជាមួយគ្នានេះ សម្តេចក៏សូមយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រ ដល់កម្ពុជាតាមរយៈការអនុវត្តនូវគម្រោងកម្មវិធីផ្សេងៗ ជួយដល់ប្រទេសកម្ពុជា។

លើសពីនេះទៀតដែរ សម្តេចក្រឡាហោម ក៏សូមយកឱកាសនេះអបអរសាទរចំពោះ លោក SANUI Kazumasa ដែលទទួលបានតំណែងថ្មីជាប្រធាននៃអង្គការ (JICA)ប្រចាំនៅប្រទេសកម្ពុជា ហើយនេះក៏ជាបេសកកម្មលើកទី២របស់លោកផងដែរ។ ទន្ទឹមនេះដែរ សម្តេចក្រឡាហោមសង្ឃឹមជឿជាក់ថា បេសកកម្មលើកទី២នេះ នឹងរួមចំណែកបង្កើតនូវសមទ្ធិផលជោគជ័យថ្មីៗបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាង JICAនៅកម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សម្តេចក៏សូមថ្លែងអំណរគុណចំពោះ JICAដែលបានផ្តល់កិច្ចសហការជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមគម្រោងផ្សេងៗដូចជា៖ ការអភិវឌ្ឍន៍គម្រោងមន្ត្រី និងការជួយគាំទ្ររបស់ JICAដល់ការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការរបស់ក្រសួងមហាផ្ទៃតាមរយៈ គ.ជ.អ.ប ដែលមានកិច្ចការជាច្រើនរាប់ទាំងការពង្រឹងសមត្ថភាពមន្ត្រី និងរៀបចំគោលនយោបាយផ្សេងៗ។

ក្រៅពីនេះ សម្តេចក្រឡាហោម ក៏សូមអរគុណផងដែរចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ ដែល JICAបានជួយគាំទ្រកន្លងមក។ សម្តេច ក៏បានជម្រាបជូនផងដែរថា ការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់អទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះរាជរដ្ឋាភិបាល បានឯកភាពគ្នា យ៉ាងមុតមាំគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនេះ។ ចំពោះការអនុវត្តការផ្ទេរមុខងារនៅលើគោលដៅក្រុង ស្រុក ខណ្ឌ មួយចំនួននៅខេត្តបាត់ដំបង ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ។ សម្តេចក្រឡាហោម បានជម្រាបជូនបន្ថែមថា ក្នុងក្របខណ្ឌការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនេះ ដោយគិតចាប់ពីឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមដំណើរការផ្ទេរមុខងារនៅក្នុង វិស័យអប់រំមួយចំនួនទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តសាកល្បងគម្រោងនាពេលកន្លងមក។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថា JICAនឹងបន្ត ជួយគាំទ្រដល់ការងារសិក្សា ដល់គម្រោងដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ក៏ដូចជាការងារសុវត្ថិភាពផ្លូវថ្នល់បន្ថែមទៀតផងដែរ ដើម្បីជម្រុញកិច្ចការទាំងនេះឱ្យទទួលបានវឌ្ឍនភាព ស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក។

ជាការឆ្លើយតប លោកប្រធានអង្គការJICAក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង នូវពាក្យពេចន៍ ក៏ដូចជាការផ្តល់ព័ត៌មានបច្ចុប្បន្នភាពនៃការធ្វើកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនៅកម្ពុជា ព្រមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។ លោកបានបន្តថា នេះជាបេសកកម្មទី២របស់លោកនៅប្រទេសកម្ពុជា ហើយជំនួបនាពេលនេះ លោកចង់ជម្រាបជូនសម្តេចក្រឡាហោម នូវវិស័យធំៗចំនួន៣ ដែលអង្គការ JICAចូលរួមគាំទ្រនៅកម្ពុជា ទី១៖ ការអភិវឌ្ឍឧស្សាហកម្ម ទី២៖ទាក់ទងនឹងគុណភាពនៃការរស់នៅរបស់ប្រជាជន និងទី៣៖ការងារអភិបាលកិច្ច។

លោកប្រធានអង្គការ ក៏បានជម្រាបជូនសម្តេចបន្ថែមលើការងារដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃជាមួយអង្គការJICA ដែលភាគច្រើនលើការងារអភិបាលកិច្ច ដោយបានធ្វើការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់មន្ត្រីរដ្ឋបាលមូលដ្ឋាន និងការជួយរៀបចំគោលនយោបាយនានាសម្រាប់ថ្នាក់ក្រោមជាតិ។ ស្របជាមួយគ្នានោះផងដែរ លោកប្រធានបានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលបានសហការគាំទ្រធ្វើឱ្យបេសកកម្មកន្លងមកនេះរបស់អង្គការJICAទទួលបានជោគជ័យសម្រេចបានលទ្ធផលទៅតាមអ្វីដែលបានរំពឹងទុក ពិសេសការរៀបចំគោលនយោបាយ និងការរៀបចំខ្លឹមសារសម្រាប់ការងារបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិ។

លោកមានប្រសាសន៍បន្តថា ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះ អង្គការJICAក៏បានចាត់បញ្ជូននូវអ្នកប្រឹក្សាយោបល់ផ្នែកគោលនយោបាយដើម្បីបន្តជួយគាំទ្រដល់ក្រសួងមហាផ្ទៃលើការងារពាក់ព័ន្ធក្នុងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនេះ។ ចំពោះកិច្ចការងារដែលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវថ្នល់ JICAក៏មានការគាំទ្រផងដែរ ដល់ការរៀបចំគម្រោងផ្សេងៗក្នុងការធ្វើយ៉ាងណាឱ្យសុវត្ថិភាពចរាចរណ៍កាន់តែត្រូវបានពង្រឹងនឹងលើកកម្ពស់តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមក៏ដូចជាគម្រោងក្នុងការរៀបចំទិន្នន័យវិភាគគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវគោលនយោបាយ និងដំណោះស្រាយសមស្របដើម្បីឈានទៅដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្ររបស់JICAលើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ក៏បានសម្តែងនូវការចាប់អារម្មណ៍និងកត់សម្គាល់ចំពោះ JICAដែលបានផ្តល់ការគាំទ្រ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ ដែលជាកិច្ចការងារមួយដ៏មានសារៈសំខាន់ ធ្វើយ៉ាងណាឱ្យមន្ត្រីនៅមូលដ្ឋានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលមុខងារដែលត្រូវបានផ្ទេរ ពីថ្នាក់ជាតិ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ