សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលោកស្រី Rhona Smith ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
March 12, 2018

នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះ លោកស្រី Rhona Smith បានយកប្រធានបទសំខាន់ៗធំ ចំនួន០៥ មកពិភាក្សាជាមួយនិងសម្តេចក្រឡាហោម៖ ១. បញ្ហាច្បាប់ រួមទាំងបច្ចុប្បន្នភាពនៃច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ិនធើណេត និងការសម្ងាត់របស់រដ្ឋ ២. តួនាទីរបស់ក្រសួងមហាផ្ទៃក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ៣. ការពារសេរីភាពមូលដ្ឋាន ៤. ភាពចង្អៀតណែនក្នុងពន្ធនាគារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក្នុងនោះមានការប្រឆាំងអំពើទារុណកម្មផងដែរ) និងទី៥. ស្តង់ដារនៃក្រមប្រតិបត្តិ និងអាកប្បកិរិយារបស់នគរបាលជាតិ។

ព្រោះជាទូទៅអ្នករាយការណ៍ពិសេស មានអាណត្តិយ៉ាងទៀងទាត់មកទស្សនកិច្ចស្វែងយល់ពីសិទ្ធិមនុស្សនៅកម្ពុជាក្នុង០១ឆ្នាំ ០២ដង គឺនៅខែមករា និងខែកក្កដា  ឬខែមីនា និងសីហា ដើម្បីរៀបចំរបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់ប្រជុំនាខែកញ្ញា ជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតប សម្តេចក្រឡាហោម បានមានប្រសាសន៍ជម្រាបជូនវិញថា៖ ក្រសួងមហាផ្ទៃនៅមិនទាន់មានវឌ្ឍនភាពនៅឡើយទេមកដល់ពេលនេះ គឺក្រសួងមហាផ្ទៃមិនទាន់បានធ្វើអ្វីអោយច្រើនពាក់ព័ន្ធនិងច្បាប់ស្តីពីឧក្រឹដ្ឋកម្មតាមអ៊ីនធើណេត ដោយសារតែយើងស្ថិតក្នុងដំណាក់កាលកំពុងសិក្សានៅឡើយ ហើយយើងក៏បានចាត់បញ្ជូនក្រុមការងារដើម្បីសិក្សានៅក្រៅប្រទេស ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ ដែលក្រុមការងារក្រសួងបានទៅសិក្សាអំពីការរៀបចំការអនុវត្តច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ។

សម្តេច បានបន្តទៀតថា ពាក់ព័ន្ធជាមួយនិងតួនាទីរបស់ក្រសួងមហាផ្ទៃក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ការរៀបចំច្បាប់ទាំងអស់នេះមិនមែនក្នុងន័យកំរិតរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ ហើយពាក់ព័ន្ធការរំលាយគណបក្សនយោបាយផ្សេងៗ គឺខាងគណបក្សនយោបាយខ្លួនឯងនោះទេដែលបានអនុវត្តផ្ទុយនិងច្បាប់ស្តីពីគណបក្សនយោបាយ។ ឯច្បាប់ពាក់ព័ន្ធនិងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺអង្គការមិនបានអនុវត្តស្របតាមច្បាប់លក្ខន្តិកៈនៃច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ នឹងត្រូវទទួលពិន័យផ្សេងៗទៅតាមលក្ខខណ្ឌនៃច្បាប់ ដូចជាការផ្អាកសកម្មភាព និងពិន័យផ្សេងៗ។

ក្នុងនោះដែរ សម្តេចក្រឡាហោម បានជម្រាបជូនបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណាបង្ក្រាបបទល្មើសផង ប៉ុន្តែយើងក៏មិនគិតតែរឿងបង្ក្រាបបទល្មើសទេ គឺយើងគិតដល់ការស្តារនីតិសម្បទាអ្នកជាប់ឃុំផងដែរ ឥលូវនេះរាជរដ្ឋាភិបាលបានកំពុងសាងសង់មជ្ឈមណ្ឌលស្តារនីតិសម្បទា មួយនៅក្នុងខេត្តព្រះសីហនុដែលមានសមត្ថភាពផ្ទុកអ្នកដែលត្រូវបន្សាបគ្រឿងញៀនដល់ទៅចំនួន ២,០០០នាក់(ជនរងគ្រោះដោយសារថ្នាំញៀន)។

សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមអំពីបញ្ហាការអនុវត្តន៍ច្បាប់នៅមូលដ្ឋាន សម្តេចបានណែនាំទៅដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ធ្វើយ៉ាងណាអនុវត្តទៅតាមស្មារតីនៃច្បាប់ ឬក៏គោលការណ៍ណែនាំផ្សេងៗរបស់ក្រសួង ប្រសិនបើជាមានការអនុវត្តន៍ខុសឆ្គងណាមួយនោះ សូមឱ្យលោកស្រី Rhona Smith អាចជួយផ្តល់ព័ត៌មានមកខាងក្រសួងមហាផ្ទៃដើម្បីមានវិធានការសមស្របណាមួយក្នុងការដោះស្រាយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ