សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង
March 28, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការខេត្ត មេបញ្ជាការ មន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងសមាជិកសមាជិកា ជាច្រើនរូបទៀត។

ក្នុងពិធីនោះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម និងអង្គសន្និបាតជ្រាបថា ផ្អែកលើសេចក្តីព្រាងលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្មាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង អង្គសន្និបាតបានរៀបចំឱ្យមានបទពិភាក្សាសំខាន់ៗ រួមមាន៖ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន, ការងារផ្តល់អត្តសញ្ញាណប័ណ្ណ ការគ្រប់គ្រងជនអន្តោប្រវេសន៍, ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ការងារលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញ-ចូលតែមួយ ការដោះស្រាយបណ្ដឹង សំណើ សំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាន, ការពង្រឹងប្រសិទ្ធភាពអនុវត្តការងារ នៃរដ្ឋបាលស្រុក ការងារបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងបសុព្យាបាល ជាដើម។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ជារួម សន្និបាតនេះ គឺជាឱកាសសម្រាប់ជួបជុំគ្នា រៀបចំកម្មវិធីប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី នៅរៀងរាល់ដំណាច់ឆ្នាំ ក្នុងបំណងដើម្បីពិនិត្យនូវសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ជាមួយបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយ និងដើម្បីដាក់ចេញនូវផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តសម្រាប់ឆ្នាំថ្មី ក្នុងការឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានដ៏រឹងមាំ។

នាឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រៃវែង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច សម្រេចបានសមិទ្ធផលនានាជាច្រើនក្នុងឆ្នាំ២០២២ ដោយសម្ដេចចាត់ទុកការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះថា បានរួមចំណែកក្នុងការថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗមួយចំនួន ដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវខិតខំរួមគ្នា សម្រេចឱ្យបានក្នុងឆ្នាំ២០២៣ រួមមាន៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការបោះឆ្នោតជាតិ លើកទី៧, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម, ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ។

ទន្ទឹមនេះ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់លើការបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹង នីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ