សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ ឯកអគ្គរាជទូតថៃ ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
February 01, 2023    អ្នកទស្សនា :

នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Chardkiat ATTHAKOR ឯកអគ្គរាជទូតថៃទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ផ្ដល់សេចក្ដីទុកចិត្ត និងតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម ក៏សូមយកឱកាសនេះ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អផងដែរ នៅក្នុងក្របខណ្ឌអាស៊ាន ដែលភាគីទាំងពីរ តែងតែមានទំនាក់ទំនងជាមួយគ្នាដ៏ល្អ ប្រកបដោយប្រសិទ្ធិភាព ក្នុងរយៈពេលកន្លងមកនេះ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ និងជិតស្និទ្ធ ហើយជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អទាំងកម្រិតនយោបាយ សន្ដិសុខ ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជារយៈពេលចុងក្រោយនេះ គឺកិច្ចសហការគាំទ្រគ្នាទៅវិញ ទៅមក បានយ៉ាងល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ចំពោះក្របខណ្ឌក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនដែរថា សម្ដេច ក៏បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំខេត្តជាប់ព្រំដែនសមភាគីជាមួយនិង ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថៃ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងស្មារតីដើម្បីរួមគ្នាថែរក្សាសន្ដិសុខ នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជា រួមគ្នាធ្វើការអភិវឌ្ឍខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។ ចំពោះកិច្ចសហប្រតិបត្តិការកម្លាំងអនុវត្តច្បាប់ ជាពិសេសនគរបាលនៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងជាមួយគ្នាល្អប្រសើរ ក្នុងការរួមគ្នាថែរក្សា សន្ដិសុខ ទៅវិញ ទៅមក ជូនប្រទេសទាំងពីរ ក៏ដូចជា ប្រជាជនបានល្អផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតថៃ ក៏បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យឯឧត្តម បានចូលជួបនាពេលនេះ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនដែរថា កាលពី៣០ឆ្នាំមុន ឯកឧត្តម ធ្លាប់បានមកបំពេញការងារនៅប្រទេសកម្ពុជា ហើយក្នុងឱកាសនោះ ឯកឧត្តម ក៏ទទួលបានកិត្តិយស ដែលទទួលបានភារៈកិច្ច និងតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូត ពិតជាបានឃើញនូវការអភិវឌ្ឍយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏សូមយកឱកាសនេះ ចូលរួមអបអរសាទរជាមួយកម្ពុជាដែលបានបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេនប្រកបដោយជោគជ័យ កាលពីឆ្នាំ២០២២ កន្លងទៅ ហើយក៏សូមអបអរសាទរ ចំពោះការដោះស្រាយនូវបញ្ហាជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព ដែលបានរួមចំណែកធ្វើឱ្យដំណើការស្ដារសេដ្ឋកិច្ចសង្គមរបស់កម្ពុជា មានកំណើនកើនឡើងវិញជាបន្ដបន្ទាប់។ ឯកឧត្តម ឯកអគ្គរាជទូត បានចាត់ទុកថា តាមរយៈការគ្រប់គ្រងបានយ៉ាងល្អប្រសើរនេះ ក៏បានជំរុញធ្វើឱ្យការធ្វើដំណើររវាងប្រជាជន នៃប្រជាជនរបស់ប្រទេសទាំងពីរ មានការកើនឡើងយ៉ាងច្រើនក្នុងរយៈពេលចុងក្រោយនេះផងដែរ។ ឯកឧត្តម ក៏បានសម្តែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំប្រទេសជាប់ព្រំដែននាពេលកន្លងទៅ។

ផ្អែកលើការងារទាំងអស់នោះ ឯកឧត្តម ឯកអគ្គរាជទូត ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អនៃប្រទេសជាប់ព្រំដែនទាំងពីរ និងសូមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ បទល្មើសរត់ពន្ធមនុស្សឆ្លងដែន ដោយក្នុងរយៈពេលកន្លងមកនេះ បានទទួលលទ្ធផលគួរឱ្យកត់សម្គាល់។

ឯកឧត្តម ក៏បានលើកឡើងផងដែរថា បញ្ហានេះ គឺជាបញ្ហាសម្រាប់តំបន់ដែលត្រូវសហការគ្នាដោះស្រាយ គឺមិនមែនជាបញ្ហារបស់ប្រទេសណាមួយនោះទេ គឺភាគីពាក់ព័ន្ធទាំងអស់ គឺត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសគឺរវាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ។

ក្រោយពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ទៅវិញ ទៅមក លើបញ្ហាទាំងនេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ឯកអគ្គរាជទូតថៃ ក៏បានជជែងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ទៅវិញ ទៅមក ទៅលើបញ្ហាមួយចំនួន ក្នុងស្មារតីធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើរឆ្លងដែនរវាងប្រជាជននៃប្រទេសទាំងពីរ និងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា នៅក្នុងចំណោមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ។ មួយវិញទៀត ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ លើការជួយគាំទ្រដល់ពលករកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ និងការបន្ដកិច្ចសហការយ៉ាងជិតស្និតទៅលើការទប់ស្កាត និងបង្ក្រាបអំពើរជួញដូរមនុស្សឆ្លងដែន។

ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរាជទូតថៃ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាន ដែលបានកសាងកន្លងមកពី និងបន្តខិតខំពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មរបស់ ឯកឧត្តម នៅក្នុងប្រទេសកម្ពុជា នឹងបន្តរួមចំណែកដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងថៃ កាន់តែល្អប្រសើរថែមទៀត ហើយក៏សូមជូនពរក្នុងអាណត្តិការងាររបស់ឯកឧត្តម នឹងទទួលបានជោគជ័យផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ