នារសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំសន្និបាតនេះ រៀបចំឡើងដោយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានអ្នកចូលរួមប្រមាណជាង១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឡើងអាននូវរបាយការណ៍អំពីលទ្ធ ផលអង្គសន្និបាតដែលបានប្រជុំដឹកនាំពិភាក្សាជាមួយស្នងការរាជធានី ខេត្ត គោរពជូន សម្តេចក្រឡាហោម និងអង្គប្រជុំជ្រាបជាព័ត៌មាន ដូចខាងក្រោម៖
១. សភាពការណ៍សន្តិសុខ និងកិច្ចប្រតិបត្តិការ ក្នុងនោះមានការការពារសន្តិសុខជូនជាតិ ថ្នាក់ដឹកនាំ បោះឆ្នោត និងទប់ស្កាត់សភាពការណ៍ផ្សេងៗដែលធ្វើឱ្យអសន្តិសុខសង្គម
២.សភាពការណ៍បទល្មើស និងកិច្ចប្រតិបត្តិការ មានៈ ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ល្បែងស៊ីសង..ជាដើម
៣. ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ មានដូចជា ការងារចរាចរណ៍ អគ្គិភ័យ គ្រប់គ្រងអាវុធជាតិផ្ទុះ នគរបាលទេសចរណ៍ ជាដើម
៤. សភាពការណ៍សន្តិសុខព្រំដែន និងកិច្ចប្រតិបត្តិការ គឺជាការងារដែលមាននៅព្រំដែន ភាគច្រើននៅព្រំដែន កម្ពុជា- ថៃ កម្ពុជា- វៀតណាម និងកម្ពុជា- ឡាវ
៥. ការងារធនធានមនុស្ស គឺជាការងារដែលទាក់ទងនិងក្របខណ្ឌនគរបាលជាតិទូទាំងប្រទេស
៦. ការងារសេនាធិការដ្ឋាន គឺការដាក់នូវផែនការ វិធានការ និងការចាត់ចែងបញ្ជាដល់ថ្នាក់ក្រោមជាតិដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបម្រើសេវារដ្ឋបាល
៧. សន្និដ្ឋានវាយតម្លៃ គឺជាការវាយតម្លៃនូវសភាពការណ៍ផ្សេងៗ ទាំងសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ជាដើម
៨. ទិសដៅការងារ ឆ្នាំ២០១៨ គឺជាការដាក់ផែនការយុទ្ធសាស្ត្រក្នុងគោលបំណងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដូចជាៈ ការងារផែនសន្តិសុខ ផែនយុត្តិធម៌ កសាងកម្លាំង ការងារព្រំដែន..ជាដើម៕
ក្នុងឱកាសនោះ សម្តេចក្រឡាហោម បានសំណេះសំណាល និងឯកភាពទាំងស្រុងនូវសេចក្តីរាយការណ៍របស់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដែលបានរាយការណ៍និងដាក់ផែនការទិសដៅសម្រាប់ឆ្នាំ២០១៨។ សម្តេច បានសង្កត់ធ្ងន់ នូវចំណុចមួយចំនួនបន្ថែមទៀត ដើម្បីឱ្យអនុវត្តទៅមានប្រសិទ្ធភាព និងជោគជ័យ ដូចជា ការការពារសន្តិសុខក្នុងការ បោះឆ្នោត ចំពោះការបោះឆ្នោតព្រឹទ្ធសភាមិនសូវមានបញ្ហាអ្វីទេ តែការបោះឆ្នោតរដ្ឋសភា គឺជាការសំខាន់ ព្រោះយើងមិនដឹងថា វានឹងកើតរឿងអ្វីខ្លះក្នុងអំឡុងការបោះឆ្នោតជាតិ មិនទាន់បោះឆ្នោតផងមានចេញចលនាសង្គ្រោះជាតិហើយ ដូច្នោះយើងត្រូវត្រៀមលក្ខណៈឱ្យបានល្អជាមុន ដើម្បីការពារស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហាការបង្រ្កាបបទល្មើសគ្រប់ទ្រង់ទ្រាយ ត្រូវធ្វើតាមច្បាប់ មិនត្រូវគិតប្រយោជន៍ឯកជន ត្រូវគិតពីផលប្រយោជន៍រួមជាចម្បង ឯបញ្ហាផ្សេងៗ ដែលឯកឧត្តមអគ្គស្នងការដាក់មក ក៏ត្រូវយកចិត្តទុកដាក់ឱ្យមែនទែនដែរ មិនថា បញ្ហាអគ្គិភ័យ ប៉ុស្តិ៍នគរបាល ការកសាងធនធានមនុស្ស(ត្រូវមើលតួនាទីភារកិច្ច ដាក់ឱ្យចំគោលដៅ និងជំនាញ) ជាដើម ត្រូធ្វើការឱ្យមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ មិនថាថ្នាក់ជាតិទេ ថ្នាក់ក្រោមជាតិក៏ត្រូវបន្តពង្រឹងកិច្ចខំប្រឹងប្រែងអនុវត្តតាមផែនការការងារឱ្យបានល្អប្រសើរដែរ ពិសេសមន្ត្រីជំនាញតាមអង្គភាពគ្រប់លំដាប់ថ្នាក់។
ជាទីបញ្ចប់ សម្តេចក្រឡាហោម បានប្រកាសបិទអង្គ សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ និងបានជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ជួបតែសុខសុវត្ថិភាព និងទទួលជោគជ័យការងារសម្រាប់ឆ្នាំ២០១៨នេះ៕