សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧
December 07, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ដែលពិធីនេះប្រារព្ធឡើងនៅសួនមុខវត្តបុទុមវតី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានីភ្នំពេញ-អភិបាលរាជធានីភ្នំពេញ ភ្ញៀវជាតិ-អន្ដរជាតិ សមាជិក-សមាជិកា គ.ស.ច.គ ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានធ្វើរបាយការណ៍សង្ខេប ស្ដីពី គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញគោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលជ្រាបថា រយៈពេល ១១ខែ ឆ្នាំ២០២២ កន្លងទៅនេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ នូវតែមានសភាពធ្ងន់ធ្ងរមានការកើនឡើងគួរឱ្យព្រួយបារម្ភ ក្នុងនោះរាជធានីភ្នំពេញ មានការកើតឡើងករណីគ្រោះថ្នាក់សរុបចំនួន ៩០៣លើក បើប្រៀធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ គ្រោះថ្នាក់មានចំនួនត្រឹមតែ៧៤១លើកប៉ុណ្ណោះ ដូច្នេះកំណើនគ្រោះថ្នាក់ គឺកើនឡើង ១៦២លើក ស្មើនឹង ២២ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៦១នាក់ កើនឡើង ៩នាក់ រងរបួសធ្ងន់ ៨៩៦នាក់ កើនឡើង ២២១នាក់ រងរបួសស្រាល ២២៩នាក់ កើនឡើង ៤២នាក់ ខូចខាតរថយន្ដ ម៉ូតូ និងយានយន្ដផ្សេងៗទៀតចំនួន ១.៦៤៦គ្រឿង និងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនថែមទៀតផងដែរ។

ឯកឧត្តម ប្រធានអនុគណៈកម្មការ បានបន្ថែមទៀតថា ឆ្លើយតបទៅនឹងសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ និងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ រួមមាន៖ ទី១-វិធានការអប់រំផ្សព្វផ្សាយ ទី២-វិធានការរដ្ឋបាល និងទី៣-វិធានការច្បាប់ ដែលវិធានការទាំង៣នេះ បានដើរទន្ទឹមគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងការគិតគូរអំពីប្រព័ន្ធគមនាគមន៍ក្នុងទីក្រុង ព្រមទាំង ពង្រីកវិសាលភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ តាមរយៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានលើកឡើងថា ក្នុងបរិបទដែលពិភពលោក និងប្រទេសជាតិកំពុងតែទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈក៏ដូចជាវិស័យផ្សេងៗទៀត ពិសេសការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចជាសកល គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើតមានឡើង និងបានបន្ថែមនូវបន្ទុកដល់សង្គមជាតិ។ ហេតុនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសតាំងពីឆ្នាំ ២០២០រហូតដល់បច្ចុប្បន្ន “យកវិធានការរឹតបន្តឹង អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកជាអាទិភាព” ក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនោះ បានសម្រេចធ្វើវិសោធនកម្ម អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់រហូតមកដល់ពេលនេះអាចកំណត់បានថា ការរឹតបន្តឹងអនុវត្តច្បាប់បានទទួលលទ្ធផលល្អប្រសើរក្នុងការកាត់បន្ថយហេតុការណ៍ គ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសពីគ្រោះថ្នាក់ដ៏រ៉ាំរ៉ៃនេះ។

សម្ដេចក្រឡាហោម បន្ដថា តាមរយៈនៃការខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីតស៊ូទទួលខុសត្រូវរបស់ យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់ថ្នាក់ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន មន្រ្តីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងរយៈពេល០២ឆ្នាំ (ឆ្នាំ២០២០ និងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០១៩ បានកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានចំនួន ១.៤៧៥លើក កាត់បន្ថយអ្នកស្លាប់ បានចំនួន ៤៩៧នាក់ និងកាត់បន្ថយអ្នករបួសបានចំនួន ២.៥៧៥នាក់។

សម្ដេចក្រឡាហោម បន្ថែមថា ជាមួយគ្នានេះ ស្មារតីនៃការគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវកាន់តែមានការប្រែប្រួលជាវិជ្ជមាន ដោយបានកាត់បន្ថយអំពើល្មើសដែលត្រូវពិន័យជាប្រាក់ពីចំនួនមធ្យម ២.០០០ករណី ក្នុងមួយថ្ងៃ នៅឆ្នាំ២០២០ មកនៅត្រឹមជាមធ្យមក្នុងមួយថ្ងៃចំនួន៣០០ករណី នៅឆ្នាំ២០២២ នេះ។

ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីមាន សមត្ថកិច្ចអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែល បានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការរឹតបណ្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ការរក្សា សណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលំអ ស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ៗ ជាច្រើនទៀត ទទួល បានលទ្ធផលល្អប្រសើរ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

សូមជម្រាបជូនថា ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មួកសុវត្ថិភាពជាតំណាងចំនួន ១០រូប និងរាប់បាត្រ និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ