សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០
November 28, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក-សមាជិកា នៃគ.ស.ច.គ ជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ច.គ មានប្រសាសន៍ថា ថ្ងៃនេះ សមាជិក-សមាជិកា នៃគ.ស.ច.គ ទាំងអស់បានជួបជុំគ្នា ដើម្បីឆ្លងសេចក្ដីព្រាងផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយឯកសារនេះក៏បានដាក់ជូន សមាជិក-សមាជិកា នៃគ.ស.ច.គ រួចរាល់ហើយដែរ។ សម្ដេច ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ ដែលបានខិតខំប្រឹងប្រែងធ្វើការងារជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់គ្នា ក្នុងការរៀបចំផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានធ្វើបទបង្ហាញលើចំណុចសំខាន់ៗ នៃផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គប្រជុំបានជ្រាបថា ផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០៣០ គឺជាផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ ដល់២០២១ ដែលបានអនុវត្តរួច។

លោកជំទាវ បន្ដថា ផែនការជាតិទស្សវត្សរ៍នេះក៏ជាឧបករណ៍ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យ ក្នុងការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។

លើសពីនេះ លោកជំទាវ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានលើកឡើងថា ផែនការនេះក៏បានសម្របសម្រួលទៅតាមផែនការសកម្មភាពសកល របស់អង្គការសហប្រជាជាតិ ដែលផ្អែកតាមច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និងស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ និងពិសេសវិស័យដែលពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជា៖ អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្ដឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។ លោកជំទាវ បន្ថែមថា ជារួមផែនការជាតិ ទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ លើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមគោលដៅដែលបានកំណត់។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ បានគាំទ្រទាំងស្រុង លើផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ ដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយកំណត់គោលដៅ យុទ្ធសាស្ដ្រជាក់លាក់ ដែលអាចអនុវត្តបាន។

ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានថ្លែងអំណគុណចំពោះក្រុមការងារចំពោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ទាំងអស់ ដែលបានផ្ដល់យោបល់ល្អៗជាច្រើន ដើម្បីកែលម្អផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០។ សម្ដេច ក៏បានណែនាំដល់ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ ត្រូវបន្ដនិតិវិធីពិនិត្យឯកសារនេះបន្ថែមទៀតដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាពផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ