សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
November 25, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ។ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ ជាមួយគ្នានេះសម្តេចក្រឡាហោម បានរំលឹកផងដែរថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដែលបានកែសម្រួលខ្លឹមសារមួយចំនួន ប៉ុន្តែការយកទៅអនុវត្តជាក់ស្តែង គឺនៅតែមានបញ្ហាប្រឈមនៅឡើយ និងដោយសារបច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងកសាងហេដ្ឋារចនាសម័្ពន្ធផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលកំពុងដាក់ឱ្យប្រើប្រាស់ និងកំពុងស្ថាបនា ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ត្រូវធ្វើវិសោធនកម្មច្បាប់នេះម្តងទៀតដើម្បីឱ្យសមស្របតាមការអនុវត្តជាក់ស្តែង ប៉ុន្តែតាមការពិនិត្យពិភាក្សាគឺត្រូវធ្វើវិសោធនកម្មចំនួន ៤៧មាត្រា លើ៩០មាត្រា ដោយគិតឃើញថាមាត្រាដែលត្រូវធ្វើវិសោធនកម្មស្ទើតែទាំងស្រុងនៃមាត្រាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទើបគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក សម្រេចរៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតែម្តង។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ.ស.ច.គ និងអង្គប្រជុំបានជ្រាបថា ក្នុងនាមអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានដឹកនាំ និងជំរុញដល់ក្រុមការងារដើម្បីសិក្សាស្រាវជ្រាវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីយ៉ាងយកចិត្តទុកដាក់ ដែលក្នុងនោះបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាបានចំនួន២២លើក និងបានកំពុងរៀបចំតាក់តែងនូវអនុក្រឹត្យ សេចក្តីណែនាំ ក៏ដូចជាសេចក្តីប្រកាសអន្តរក្រសួង ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សម្រាប់អនុលោមឱ្យប្រើប្រាស់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នៅពេលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។

ទន្ទឹមនេះដែរ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសិក្សា និងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឃនភាពនៃដំណើរការសិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំថា មូលហេតុដែលទាមទារឱ្យមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះឡើង គឺយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបន្តកើនឡើងនាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួលមានចំនួនច្រើន ដែលបង្កឡើងដោយសារកត្តាចម្បងៗដូចជា៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ការបើកបរមិនប្រកាន់ស្តាំ ការជែង ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ជាដើម។ ឯកឧត្តម បានបញ្ជា់ថា យោងលើភាពចាំបាច់ខាងលើ ជាមូលហេតុ ចាំបាច់ត្រូវមានការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ដោយរួមមានបន្ថែម និងកំណត់នូវប្រភេទនៃបទល្មើសចរាចរណ៍ផ្លូវគោកបានច្បាស់លាស់ និងការអនុវត្តច្បាប់បានល្អប្រសើរជាង និងស្របតាមការប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក ដែលបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងក្រុមការងារក្រុមការងារសិក្សា និងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការគ្នាធ្វើការសិក្សារៀបចំ និងកែសម្រួលនូវឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ពេលចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការមានភាពគ្រប់ជ្រុងជ្រោយល្អប្រសើរស្របតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ