សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ប្រេសិតពិសេសរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបសម្ដែងការគួរសម
November 24, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម ជិន ថូដ (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ ចូលជួបសម្ដែងការគួរសម។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះ ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជា និងបានជម្រាបអំពីស្ថានភាពសុវត្ថិភាពចររាចរណ៍នៅកម្ពុជា ថា រយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំសម្រេចបានលទ្ធផលមួយចំនួនធំពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ ដោយរាជរដ្ឋាភិបាល មាននូវយន្តការការងារដើម្បីអនុវត្តជាក់លាក់ ដែលក្នុងនោះមានតួអង្គពីរសំខាន់ៗគឺ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើការរួមគ្នានៅលើកិច្ចការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហើយយន្តការនេះ ក៏មានគម្លាតទៅដល់ថ្នាក់់ខេត្តផងដែរ។

សម្ដេចក្រឡាហោម បានបញ្ជាក់់ថា កម្ពុជាបានខិតខំធ្វើការកាត់បន្ថយបាននូវអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវតែបន្តខិតខំដោះស្រាយ ដែលក្នុងនោះក៏មានកិច្ចការមួយចំនួនទៀតផងដែរ ពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍន៍នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាការផ្ដល់ និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ដើម្បីធ្វើយ៉ាងណារួមចំណែក ធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ដល់ការងារគ្រប់គ្រងត្រួតពិនិត្យនូវសុវត្ថិភាពចរាចរណ៍។

សម្ដេចក្រឡាហោម បានជម្រាបជូនដែរថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំៗមួយចំនួន ដែលក្នុងនោះទី១ គឺកត្តាមនុស្ស ហើយនិងទី២ គឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសគឺបញ្ហាបច្ចេកទេសពាក់ព័ន្ធទៅនឹងការបំពាក់នូវស្លាកសញ្ញាផ្សេងៗ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ជាពិសេស គឺការកសាងនូវផ្លូវល្បឿនលឿន ផ្លូវហាយវេ ដែលមានគន្លងទៅមកច្រើន, ផ្លូវជាតិ, ព្រមទាំងផ្លូវតភ្ជាប់ពីផ្លូវជាតិទៅតាមបណ្ដាខេត្តនីមួយៗ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់់ទាំងនោះ ក៏បានរួមចំណែកដល់ការសម្រួលទៅដល់ការធ្វើដំណើរ ហើយក៏បានរួមចំណែកដល់ការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ សម្ដេចក៏បានជម្រាបជូន ឯកឧត្តម ជិន ថូដ (Jean Todt) ផងដែរថា ដើម្បីបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ នោះគឺមានកិច្ចការសំខាន់ៗពីរ ដែលត្រូវតែបន្តធ្វើទន្ទឹមគ្នា ទី១ គឺការពង្រឹង និងការអនុវត្តច្បាប់់ ហើយទី២ គឺការបន្តលើកកម្ពស់ការយល់ដឹងស្មារតីគោរពច្បាប់របស់ប្រជាជន ដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់នេះឱ្យបានជាអតិបរមា។

ជាការឆ្លើយតប ឯកឧត្តម ជិន ថូដ (Jean Todt) បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ដែលបានអនុញ្ញាតអោយឯកឧត្តមចូលជួបសម្តែងការគួរសម ហើយនេះគឺជាលើកទី២ផងដែរ សម្រាប់ឯកឧត្តម បានមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីរយៈកាល១០ឆ្នាំកន្លងទៅ។ ឯកឧត្តមបានសង្កេតឃើញនូវការអភិវឌ្ឍរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះដែរ។ ឯកឧត្តម សូមឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេច ពាក់ព័ន្ធទៅនឹងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ដែលទាមទារនូវការចូលរួម ពីប្រជាពលរដ្ឋតាមរយៈការអប់រំផ្សព្វផ្សាយយល់ដឹង និងការពង្រឹងនូវការអនុវត្តច្បាប់។

ឯកឧត្តម បានបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដើរនៅលើផ្លូវត្រឹមត្រូវ ស្របតាមអភិក្រមរបស់់អង្គការសហប្រជាជាតិ ហើយ ឯកឧត្តមនៅតែបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត រួមជាមួយនឹងដៃគូរដទៃទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ ឯកឧត្តម ក៏សូមបន្តលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួន ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ ជាពិសេស ការបង្កើននូវការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយមធ្យោបាយធ្វើដំណើរនៅលើដងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយនូវអត្រាគ្រោះថ្នាក់់ចរាចរណ៍ ហើយនិងការកៀរគរការចូលរួមពីវិស័យឯកជនផងដែរ ក្នុងការចូលរួមទទួលខុសត្រូវមួយផ្នែកនៅលើការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណ ឯកឧត្តម ជិន ថូដ (Jean Todt) ចំពោះមតិយោបល់របស់ឯកឧត្តម ក្នុងការខិតខំដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា សម្ដេច ក៏បានជម្រាប់ជូន ឯកឧត្តម ផងដែរថា សម្ដេចកំពុងតែដឹកនាំដើម្បីពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តមួយចំនួន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងសុវត្ថិភាពចរាចចរណ៍នេះ ហើយសម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ជាពិសេស គឺឯកឧត្តមផ្ទាល់់ ដែលបានបន្តផ្ដល់នូវការគាំទ្រចំពោះការងារ និងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ