ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត
November 24, 2022    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញផងដែរ។

នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងដើម្បីជួបពិភាក្សាពិគ្រោះយោបល់រៀបចំផែនការយុទ្ធសាស្ត្រ និងយុទ្ធនាការក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា តាមផែនការរបស់ក្រសួងមហាផ្ទៃ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតានេះត្រូវធ្វើឱ្យបានចប់នៅសព្វគ្រប់នៅត្រឹមថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម សន្តិបណ្ឌិត បានណែនាំថា ដើម្បីអនុវត្តឱ្យបានសម្រេចជោគជ័យលើផែនការនេះ ក្រុមការងារត្រូវចូលរួមមតិយោបល់ជាធាតុចូលឱ្យបានច្រើនបំផុតដើម្បីពិភាក្សាដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តផែនការសកម្មភាពនេះឱ្យបានពេញលេញ និងសម្រេចបានតាមការរំពឹងទុក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអាននូវសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ថា ក្រុមការងារនេះមានសមាសភាពដឹកនាំចំនួន ១៩រូប ដែលមានប្រធានចំនួន០១រូប ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុប្រធានចំនួន ០៤រូប សមាជិ ចំនួន០៨រូប និងក្រុមជំនួយការនៃក្រុមការងារ ចំនួន ០៦រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្រុមការងារនេះ ត្រូវបំពេញតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ដើម្បីដាក់ចេញផែនការសកម្មភាព ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរអស់សុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ)។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញ និងពន្លឿនការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ) ឬបាត់ និងខូច ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។ នៅក្នុងនេះចាប់ពីថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខំខិតផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តបំពេញបែបបទនីតិវិធីដើម្បីធ្វើឡើងវិញសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព ឬបាត់ និងខូច បានយ៉ាងទូលំទូលាយផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានណែនាំជាថ្មីម្តងទៀតដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យខិតខំអនុវត្តតួនាទីភារកិច្ចដែលក្រសួងមហាផ្ទៃបានប្រគល់ជូន ក៏ដូចជាយកធាតុចូលសំខាន់ៗដែលកើតឡើងក្នុងកិច្ចប្រជុំនាពេលនេះ យកទៅបំពេញបន្ថែមលើចំណុចខ្វះខាត និងខិតខំជំរុញមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យដំណើរយុទ្ធនាការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាដែលបានដាក់ចេញ។

គួររំលឹកផងដែរ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសល់រយៈពេល ៩០ថ្ងៃ ឱ្យអញ្ជើញទៅបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណថ្មី។ ជាមួយគ្នានេះ

ដែរ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក៏បានចេញសេចក្តីណែនាំមួយជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ឱ្យពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ជាផលប្រយោជន៍ ឬក្នុងការអនុវត្តនូវសិទ្ធិនានា ស្របតាមគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ