នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានឯករាជ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២២) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្រាប់ពិធីដ៏មហាឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។
គួររំលឹកដែរថា ថ្ងៃទី៩ វិច្ឆិកា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមបារាំង នៅក្នុងឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា