ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន
November 04, 2022    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានមានមតិស្វាគមន៍ និងមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសិក្សាពីគំនិតរួមគ្នាលើគម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀនថ្មី របស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ដើម្បីឱ្យមានមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ឯកឧត្តម បានស្នើឱ្យសមាជិកអង្គប្រជុំទាំងអស់ សិក្សាឱ្យបានល្អិតល្អន់លើគម្រោងពាក់ព័ន្ធការងារសំខាន់ៗ រួមមានដូចជា ៖ ការចំណាយ ការរចនាប្លង់ និងទំហំមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងកន្លែងធ្វើការរបស់មន្ត្រី និងកិច្ចការងារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ដើម្បីគោរពស្នើសុំគោលការណ៍ និងអនុសាសន៍ដឹកនាំបន្តពីថ្នាក់ដឹកនាំ។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើសេចក្តីរាយការណ៍សង្ខេបជម្រាបជូនអង្គប្រជុំជ្រាបថា គម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀន ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងជាអាទិ៍ភាពសំខាន់ចំនួន៣ រួមមាន៖ ១.កាត់បន្ថយភាពចង្អៀតណែននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត, ២.ជនជាប់ឃុំបានចូលរួមធ្វើពលកម្ម ដើម្បីសុខភាព និងស្តារនីតិសម្បទា និងទី៣.ធានាបាននិរន្តរភាពបរិស្ថានល្អ ធានាបាននូវស្ថានភាពរស់នៅរបស់ជនជាប់ឃុំប្រកបដោយសុខភាព អនាម័យ វិជ្ជាជីវៈ និងមនុស្សធម៌។ ឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះ គ្រោងសាងសងនៅឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លើផ្ទៃដីសរុប ៥០២,៦៤ហិកតា។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ដល់អង្គភាពពាក់ព័ន្ធ និងក្រុមការងារចំពោះការងាររៀបចំសេចក្តីព្រាងគម្រោងនេះឡើង ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់អង្គប្រជុំ និងអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវខិតខំសហការផ្លាស់ប្តូរគំនិតយោបល់សម្រាប់ជាធាតុចូល ដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងគម្រោងនេះកាន់តែល្អបន្ថែមទៀត។ លើសពីនេះទៀត ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលអប់រំកែប្រែទណ្ឌិតបទល្មើសគ្រឿងញៀននេះ ជាគម្រោងដ៏ធំមួយ ដែលមានទិសដៅយ៉ាងសំខាន់ គឺដើម្បីបង្កើតកន្លែងព្យាបាលទណ្ឌិតគ្រឿងញៀន, ជាកន្លែងស្តារនីតិសម្បទា និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ព្រមទាំងទប់ស្កាត់ហានីភ័យនៃការកើនឡើងទណ្ឌិតគ្រឿងញៀននៅទូទាំងប្រទេសផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ