សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ នៅខេត្តបាត់ដំបង
November 02, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានឱ្យដឹងថាសមិទ្ធផលអគារសិក្សាសម្ពោធនាថ្ងៃនេះមានទទឹង៩ម៉ែត្រ បណ្ដោយ៥៤ម៉ែត្រ កម្ពស់១១ម៉ត្រកន្លះ ធ្វើពីបេតុងប្រក់ក្បឿង បំពាក់ពិដានម្នាងសិលា មានសំយាបព័ទ្ធជុំវិញ មានទ្វារនិងបង្អួចកញ្ចក់ចំរឹងដែក ព្រមទាំងបំពាក់តុ និងកៅអីគ្រូ និងសិស្ស ព្រមទាំងក្ដាខៀន ដោយចំណាយថវិកាសរុបជាង១៦ម៉ឺនដុល្លារ ជាប្រភពថវិការបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។

ក្នុងនាមរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងប្រមែលប្រមូលធនធានថវិកាជួយអភិវឌ្ឍន៍វិស័យជាច្រើន ធ្វើឱ្យស្រុកបាណន់នេះ ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត រួមចំណែកឱ្យមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរ និងមន្រ្តីចំណុះរដ្ឋបាលស្រុកបាណន់ទាំងមូល ដែលបានយកចិត្តទុកដាក់បម្រើសេវាសាធារណៈ និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្ដែងក្នុងគ្រោះមហន្តរាយជំនន់ទឹកភ្លៀងថ្មីៗនេះ។ សម្ដេច ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋស្រុកបាណន់ដែលចូលរួមគាំទ្រក្នុងកិច្ចការងារផ្សេងៗ ពិសេសរួមចំណែករក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។

ពាក់ព័ន្ធនឹងការកសាងសមិទ្ធផលសាលារៀននេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាជាការពិត មិនមែនជាកាតព្វកិច្ចតម្រូវឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះត្រូវតែធ្វើនោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកបន្ថែមលើលទ្ធភាពដែលរដ្ឋ ឬក្រសួងអប់រំ យុវជន និងកីឡាមាន។ សម្ដេច បានគូសបញ្ជាក់ថាការរួមចំណែកពង្រឹងវិស័យអប់រំនេះ ដោយសារវិស័យនេះជាវិស័យស្នូលសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទដែលមានការប្រកួតប្រជែងកាន់តែខ្លាំងលើផ្នែកចំណេះដឹងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកម្ពុជាស្ថិតក្នុងចំណោមរដ្ឋដែលរក្សាបាននូវសុខសន្តិភាព និងគ្មានអំពើភេវរកម្ម។ យ៉ាងណាក៏ដោយ សម្ដេច បានបន្តថារាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំពុងយកចិត្តទុកដាក់លើការងារបង្ក្រាបគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង និងបទល្មើសឧក្រឹដ្ឋកម្មអន្តរជាតិ ដូចជាអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម បទល្មើសលាងសម្អាតប្រាក់ និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតជាដើម។

សម្ដេច ក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថាកម្ពុជាសព្វថ្ងៃ បើទោះបីកម្ពុជាក៏ទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ស្ថានភាពនេះក៏អាស្រ័យដោយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលថ្មីនេះ និងបានអនុវត្តជោគជ័យនយោបាយចាក់វ៉ាក់សាំងដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ។

សម្ដេចក្រឡាហោម ក៏បានទាញចំណាប់អារម្មណ៍អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន រួមទាំងមេដឹកនាំប្រទេសដៃគូ ដូចជាប្រធានាធីបតីអាមេរិក នាយករដ្ឋមន្រ្តី ចិន ជប៉ុន កូរ៉េ រុស្ស៊ី និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំប្រទេសតំបន់អឺរ៉ុប។ សម្ដេច សង្កត់ធ្ងន់ថាបើប្រទេសកម្ពុជាគ្មានសន្តិសុខសុវត្ថិភាពទេ បណ្ដាមេដឹកនាំទាំងនោះនឹងមិនមានវត្តមានចូលរួមកិច្ចប្រជុំនេះឡើយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តជម្រាបជូនអំពីដំណើរការឈានទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភានាខែកក្កដាឆ្នាំ២០២២ ដោយសម្ដេចបានអំពាវនាវប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬមិនទាន់មានឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យបានគ្រប់ៗគ្នា ឬកែតម្រូវទិន្នន័យឈ្មោះរបស់ខ្លួន។ សម្ដេច ក៏អំពាវនាវប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណបណ្ណផុត ឬជិតផុតសុពលភាព ប្រញាប់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណថ្មីតាមការណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ