អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
October 29, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការរងទទួលផែនជំនាញ អធិការ ប្រធានការិយាល័យ មន្រ្តីពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ហើយក៏សូមឯកភាពទាំងស្រុងនូវរបាយការណ៍របស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានវឌ្ឍនភាពប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

នាឱកាសនោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះស្នងការនគរបាលខេត្តព្រះសីហនុ ស្នងការរង ប្រធានការិយាល័យ អធិការ និងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងបានពាំនាំអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ។ ឯកឧត្តមក៏មានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្មគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។បន្ថែមលើនេះ ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍ណែនាំដល់សវនដ្ឋានទាំងអស់ រាល់អនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូននៅពេលចុះធ្វើសវនកម្ម ហេីយសវនដ្ឋានត្រូវមានរបាយការណ៍ឆ្លើយតបនឹងលទ្ធផលសម្រចបានក្នុងរយៈពេល ៦ខែ ឬយ៉ាងយូបំផុត ១២ខែ ជូនមកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងវិញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះកិច្ចការពារសុវត្តិភាពជូនប្រជាពលរដ្ឋ បទល្មើស ឧក្រិដ្ឋជនឆ្លងដែន ជាពិសេសជនបរទេសក្នុងខេត្តព្រះសីហនុ និងបានរៀបចំសម្របសម្រួលក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍និងបិទសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាពេលនេះប្រកបដោយសេចក្តីសោមនស្សរីករាយស្និទស្នាល ប្រព្រឹត្តទៅដោយរលូន និងសូមប្រសិទ្ធពរជ័យចំពោះឯកត្តម​ ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ និងមន្រ្តីគ្រប់ជាន់ថ្នាក់ សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យ ព្រមទាំងទទួលពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ