សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម
October 26, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Sadar Uma Alam អ្នកតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក Sadar Uma Alam និងថ្លែងអំណរគុណចំពោះ អង្គការ UNESCO ដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា។ សម្ដេច បានលើកឡើងថា ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអង្គការ UNESCO ក្នុងឆ្នាំ១៩៥១ ដែលជាឆ្នាំមួយ នៃការកកើតនៃអង្គការ ហើយបានមានទំនាក់ទំនង និងកិច្ចសហការជាបន្ដបន្ទាប់ ប៉ុន្ដែមានការអាក់ខានមួយរយៈពេល ក្នុងឆ្នាំ១៩៧៥ ដោយសារស្ថានភាពផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក Sadar Uma Alam បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាសកិច្ចការងារដល់មមាញឹកអនុញ្ញាតដល់រូបលោកចូលជួបសម្ដែងការគួរសមជាមួយ សម្ដេច។ ឆ្លៀតឱកាសនេះដែរ លោក ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ដែលក្នុងនោះក៏មានរូបលោកផ្ទាល់បានទទួលការចាក់វ៉ាក់សាំងនេះរហូតដល់ដូសទី៥ រួចមកហើយ។ ជាពិសេស លោក មានសេចក្ដីរីករាយ ដោយសង្កេតឃើញថា យុទ្ធនាការនេះ គឺអនុវត្តប្រកបដោយស្នេីភាពគ្នា និងគ្មានការរើសអើងដល់ប្រជាជនមួយណាឡើយ។

លោក បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩១ ការបើកការិយាល័យ អង្គការ UNESCO ឡើងវិញ នៅប្រទេសកម្ពុជា អង្គការ បានជួយជ្រោមជ្រែងដល់កម្ពុជាលើវិស័យ ដូចជា៖ វិស័យវប្បធម៌ វិស័យអប់រំ វិស័យព័ត៌មាន វិស័យវិទ្យាសាស្ដ្រធម្មជាតិ វិស័យសង្គមសាស្ដ្រ និងមនុស្សសាស្ដ្រ។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ អង្គការ បានផ្ដោចសំខាន់ទៅលើការងារអប់រំ លើកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន តាមប្រព័ន្ធអ៊ិនធឺណែត ហៅកាត់ថា BEEP។ ជាមួយគ្នានេះដែរ អង្គការ បានពង្រីកនូវវិសាលភាពការងារពាក់ព័ន្ធវិស័យ បញ្ចេញមតិ ជាពិសេស ការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ពាក់ព័ន្ធវិស័យការងារបញ្ចេញមតិនេះដែរ លោក Sadar Uma Alam បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា បណ្ដាញសង្គមក្នុងបច្ចេកវិទ្យាសម័យថ្មីនេះ បានផ្លាស់ប្ដូរនូវរបៀបរបបដែលសាធារណៈជនអាចទទួលព័ត៌មាន ហើយបានបង្កើតបានជាបញ្ហាស្មុគស្មាញដល់អ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងនោះដែរវាក៏បានផ្ដល់ផលប៉ះពាល់ដល់សង្គមផងដែរ ដូចជា៖ ផ្ដល់ឱកាសដល់ជនឧក្រិដ្ឋអាចប្រព្រឹត្តបទល្មើសទៅតាមបច្ចេកវិទ្យា។

ក្នុងកម្រិតអន្ដរជាតិ អង្គការ UNESCO ក៏បានធ្វើការងារជាមួយក្រសួងមហាផ្ទៃ តាមបណ្ដាប្រទេសនានា ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ដ្រីនគរបាលមានសមត្ថកិច្ច ពាក់ព័ន្ធការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល និងពាក់ព័ន្ធអក្ខរកម្មបណ្ដាញសង្គម ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។

ក្នុងន័យនេះ លោក Sadar Uma Alam បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា អង្គការ UNESCO មានធនធាន និងចង់ស្នើសុំដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលកម្ពុជា បូកផ្សំនិងការផ្ដល់ជំនួយ ក្នុងការរៀបចំគោលនយោបាយនានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Sadar Uma Alam នោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោក គឺសុទ្ធសឹងជួបប្រទះបញ្ហាប្រឈមចំពោះមុខ នូវបញ្ហាពាក់ព័ន្ធវិស័យឌីជីថលនេះដែរ។ ជាគោលការណ៍រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិ ប៉ុន្ដែទន្ទឹមនឹងនេះ យើងក៏ត្រូវមានការទប់ស្កាត់មតិណាអាចមានផលប៉ះពាល់ដល់ប្រយោជន៍សង្គមផងដែរ។ សម្ដេច ក៏បានឯកភាពថា «នេះគឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឱ្យាមានការចែងយ៉ាងច្បាស់រវាង ព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត»។

សម្ដេចក្រឡាហោម បន្ដថា ប្រព័ន្ធសង្គមឌីជីថលនេះ ក៏បានបង្កើតឱកាសដល់ជនខិលខូចមួយចំនួនផងដែរ ក្នុងការប្រព្រឹត្តិបទល្មើសតាមបច្ចេកវិទ្យា ដូចជា ៖ ការឆបោក ការលួចលុយ។ សម្ដេច បានជម្រាបជូន លោក Sadar Uma Alam ថា សម្ដេច ក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ បានបើកចំហរឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ក្នុងនោះ ក៏មានពាក្យបណ្ដឹងបទល្មើសបបច្ចេកវិទ្យាជាច្រើនផងដែរ។ សម្ដេច បានលើកឧទាហរណ៍ ដូចជា ការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយ សម្ដេច បានពិនិត្យឃើញថា សមត្ថកិច្ចកម្ពុជានៅមានសមត្ថភាពមានកម្រិតក្នុងការដោះស្រាយ ករណីពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យានេះដែរ។

សម្ដេចក្រឡាហោម បានជម្រាបជូន លោក Sadar Uma Alam បន្ថែមថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យា ហើយសេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយភាគីពាក់ព័ន្ធដែលក្នុងនោះ ក៏មានអ្នកជំនាញពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ច្បាប់នេះ នៅមិនទាន់មានលក្ខណៈពេញនូវឡើយទាមទារពេលវេលារៀបចំបន្ដទៀត។ ស្ថិតក្រោមក្នុងបរិបទនេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួតផ្ដើមរបស់ លោក Sadar Uma Alam ក្នុងការបណ្ដុះបណ្ដាលអក្ខរកម្មវិស័យព័ត៌មានវិទ្យា វិស័យឌីជីថល និងបណ្ដាញសង្គមនេះ។

ជាការឆ្លើយតប លោក Sadar Uma Alam បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ សម្ដេចក្រឡាហោម ស ខេង និងបានឯកភាពចំពោះប្រសាសន៍របស់ សម្ដេចក្រឡាហោម ហើយលោក ជម្រាបជូនសម្ដេច ថា បណ្ដាញសង្គមឌីជីថលថ្មីនេះ គឺបង្កើតឱ្យមានភាពស្មុគស្មាញជាច្រើនដែលវាជាឧបករណ៍ប្រើប្រាស់ដល់មនុស្សគ្រប់ៗរូបរួមទាំងក្មេងៗផងដែរ ដើម្បីដោះស្រាយបញ្ហាខាងលើដែលកើតមានឡើងពីបណ្ដាញសង្គមនេះ គឺទាមទារឱ្យមានការឯកភាពពីភាគីពាក់ព័ន្ធ និងការអប់រំឱ្យមានភាពស៊ីជ្រៅ។

ពាក់ព័ន្ធការអប់រំនេះដែរ លោក Sadar Uma Alam បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា សព្វថ្ងៃនេះ អង្គការ UNESCO កំពុងជំរុញនូវកម្មវិធីមួយដែលហៅថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធឺណែត ហើយកម្មវិធីនេះ ជាកម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធឺណែតដោយមិនគិតថ្លៃក្រៅប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាល ដែលផ្ដល់ជូននូវកម្មវិធីអប់រំ ជាមូលដ្ឋានដល់ប្រជាជនចាប់ពីអាយុ ១៤ឆ្នាំឡើង ដើម្បីឱ្យពួកគេអាចបញ្ចប់ការសិក្សា ថ្នាក់មូលដ្ឋាន នៅពេលបញ្ចប់ពួកគេនឹងទទួលបានសញ្ញាប័ត្រផ្លូវការពីក្រសួងអប់រំ ដែលអនុញ្ញាតឱ្យពួកគេបន្ដការសិក្សារបស់ខ្លួន នៅវិទ្យាល័យ ឬក៏វិទ្យាស្ថានវិជ្ជាជីវៈ។

សព្វថ្ងៃ អង្គការ UNESCO មានគំរោងពង្រីញវិសាលភាពនៃកម្មវិធីអប់រំរបៀបនេះទៅដល់ជនជាប់ឃុំ កម្មករទេសន្ដប្រវេសន៍ហើយលោក Sadar Uma Alam ក៏បានស្នើសុំ សម្ដេចក្រឡាហោម ស ខេង ដោយគាំទ្រអនុញ្ញាតឱ្យក្រុមការងារ អង្គការ UNESCO បានជួបជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តគ្រោងនេះឱ្យចេញជាសកម្មភាពជាក់ស្ដែង។

ជាការឆ្លើយតបនឹងការលើកឡើងរបស់ លោក Sadar Uma Alam នោះ សម្ដេចក្រឡាហោម ស ខេង សម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអប់រំដល់កម្មករទេសន្ដប្រវេសន៍ ដែល សម្ដេច បានលើកឡើងថា ទេសន្ដប្រវេសន៍ មួយចំនួនបានចេញធ្វើការដោយខុសច្បាប់ ដែលនាំឱ្យពួកគេប្រឈមនឹងការបាតបង់ផលប្រយោជន៍ផ្សេងៗ។ សព្វថ្ងៃកម្ពុជា ក៏មានយន្ដការសម្រាប់ទទួលពលករទេសន្ដប្រវេសន៍ ដែលត្រឡប់មកពីក្រៅប្រទេសវិញ មានមណ្ឌលរង់ចំា ហើយក៏មានមធ្យោបាយធ្វើដំណើរ ដើម្បីនាំពួកគេទៅដល់ស្រុកកំណើតផងដែរ។

ក្នុងន័យនេះការអប់រំមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ដល់ពួកគេ ហើយ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការគាំទ្រដល់គំនិតផ្ដួតផ្ដើមរបស់ អង្គការ UNESCO ព្រមទាំងត្រៀមចាត់មន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីសហការជាមួយអង្គការ ដើម្បីឈានទៅដល់សកម្មភាពជាក់ស្ដែង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ