សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង
October 23, 2022    អ្នកទស្សនា :

នារសៀលថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង ចំនួន ២,២២១នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងខេត្តបាត់ដំបងមានមន្ត្រីរាជការស៊ីវិលចំនួន ១២,៩២៩នាក់ (ស្រី ៦,៣៦៤នាក់)។ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុប ១,១១០នាក់។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវអារម្មណ៍រីករាយដែលបានវិលមកជួបសំណេះសំណាល់ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបងសារជាថ្មី។

ទន្ទឹមនេះដែរ សម្តេចតេជោ បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។

សម្ដេចបានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសជិតខាងឱ្យបានល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តបាត់ដំបង ឱ្យកាន់តែរីកលូតលាស់ជាបន្តបន្ទាប់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ