ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ
October 14, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» ដែលប្រព្រឹត្តទៅនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

សន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ នាពេលនេះ រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន។ ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត

នាឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ មានប្រសាសន៍ថា រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ក្នុងរបត់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា បានពុះពារឆ្លងកាត់ប្រកបដោយជោគជ័យនូវបញ្ហាប្រឈមជាច្រើន ដែលកើតចេញពីកត្តាសត្យានុម័តផង និងកត្តាអត្តនោម័តផង។

ឯកឧត្តម សន្តិបណ្ឌិត បន្ដថា ជាការពិតណាស់ សភាពការណ៍សន្តិសុខ និងវិបត្តិសុខភាពសាធារណៈជាសកល ការប្រែប្រួលអាកាសធាតុ បូករួមទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនៅក្នុង និងក្រៅប្រទេស បានបង្កហានិភ័យ មកលើសេដ្ឋកិច្ច សង្គម ប៉ុន្តែនៅក្នុងរយៈពេល ៥ឆ្នាំមកនេះ កម្ពុជាមានមោទកភាព ដោយនៅតែរក្សាបានសន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស និងការឯកភាពផ្ទៃក្នុងជាតិ ស្ថាប័នកំពូលនានារបស់ជាតិ និងគ្រប់ព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ត្រូវបានដំណើរការដោយរលូន និងមានសុវត្ថិភាពទាំងស្រុង បញ្ចៀសបាននូវអំពើភេរវកម្ម។

ជាមួយគ្នានេះផងដែរ ឯកឧត្តម សន្តបណ្ឌិត បានបន្ថែមទៀតថា ការជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់សង្គមកាន់តែល្អប្រសើរ។ ជាក់ស្ដែង កម្ពូជា បានកាត់បន្ថយបទល្មើសដែលជះឥទ្ធិពលដល់ចិត្តសាស្រ្ត សង្គមឱ្យថយចុះប្រមាណ ១១% ខណៈដែលកិច្ចប្រតិបត្តិការបង្ក្រាបមានកម្រិតខ្ពស់រហូតដល់ ៩០% ធៀបទៅនឹងតួលេខនៃបទល្មើសដែលបានកើតឡើង។

ឯកឧត្តម សន្តិបណ្ឌិត បញ្ជាក់ថា ទន្ទឹមគ្នានេះ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ រួមទាំង សកម្មភាពក្មេងទំនើង ក៏ត្រូវបានចាត់អនុវត្តយ៉ាងសកម្មផុលផុសផងដែរ។ រីឯ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមទៀតសោត ក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរជាងមុន ក្នុងនោះ បានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៥% ខណៈអ្នកស្លាប់ថយ ១៧% និងអ្នករងរបួសថយ ២៤%។ ស្ថានភាពនេះ គឺជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រផង និងជួយសម្រាល បន្ទុកទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងការងាររបបសន្តិសុខសង្គមផង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ