សម្តេចក្រឡាហោម ស ខេង អញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់វេទិកាអុំទូកក្នុងខេត្តបាត់ដំបង
October 08, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់អោយប្រេីប្រាស់វេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ អភិបាលខេត្ត មន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី ទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព។ 

សម្ដេចបានមានប្រសាសន៍ថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឱ្យឃើញពីការរក្សាប្រពៃណីទំនៀមទំលាប់ ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ជាតិ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល  បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់។សម្តេចបន្ត ថា  តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែរ ព្រមទាំងស្ទឹងសង្កែរសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កបង្កើតបានបរិយាកាសកាន់តែអធិកអធមជូនដល់ប្រជាពលរដ្ឋបានចូលរួមកំសាន្តក្នុងពេលកូវីដ-១៩មានភាពធូរស្រាល។ 

វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ដោយបានចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម និងបានប្រើប្រាស់នូវវិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់ ។

វេទិកាអុំទូកថ្មី ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផែ ដែលមានលក្ខណៈពិសេសនោះគឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។
ផ្នែកដំបូល ក្បឿងស្រកាលេញត្រូវបានសិក្សា និងយកមកប្រើនៅក្នុងគម្រោងវេទិកាអុំទូក ដោយក្បឿងស្រកាលេញ គឺជាក្បឿងខ្មែរដែលត្រូវបានប្រើប្រាស់នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារចំណាស់ៗជាដើម។  នៅចំកណ្តាលដំបូលមានស្លាកកសាងដ៏ស្រស់ស្អាត ដែលបានរចនាដោយមានជើងទម្រ និងស៊ុមយ៉ាងល្អប្រណិតដោយមានឆ្លាក់ជាឆ្នាំកសាងនៅខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាងលើព្រំដំបូលវេទិកា មានរំលេចនូវបង្គោលខ្លីៗ ឈររកឹងតំរៀបគ្នាតាមបណ្តោយ និងទទឹងព្រំដំបូលដែលគេហៅថា នាងច្រាល ជាគ្រឿងសិល្បៈលម្អរបស់ខ្មែរ ដែលបានបំពាក់នៅតាមប្រាសាទ និងវត្តអារាមនានាដូចជា  ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រីជាដើម  និងខាងចុងដំបូលនីមួយៗមានបំពាក់ទៅដោយ ជហ្វាផងដែរ ។

ផ្នែកហោជាងខាងមុខ និងខាងក្រោយ ដំបូលមុខដាច់ដែលលយមកខាងមុខ ភ្ជាប់ជាមួយហោជាង និងមានរចនាស្លាបហោជាង ដោយបំពាក់ក្បាច់ភ្ងីទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយកទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែ ហើយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដែលយកទម្រង់តាមវត្តពិភិទ្ធារាម។ ផ្នែកហោជាងសងខាងសម្រង់ចេញមកពីការសិក្សាទម្រង់វត្តសំរោងដែលមានដំបូលហោជាងហក់មកខាងមុខទ្រដោយសសរពីរដើម និងមានរំលេចនៅក្បាច់ភ្ងីទេស ដោយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខ ខាងក្រោយផងដែរ។

ផ្នែកសសរ នៅខាងលើក្បាលសសរ ត្រូវបានបំពាក់ដោយទម្រទ្រេត ឬជន្ទល់ ដែលគេហៅថា ដៃស្នា ។ ដោយឡែកនៅអមជាប់តាមបណ្តោយក្បាលសសរជុំវិញអគារត្រូវបានរចនា និងបំពាក់ដោយក្បាច់ទម្រជញ្ចាំង។ ផ្នែកបាំងសាចដោយសារអគារវេទិកាអុំទូកខេត្ត ត្រូវបានរចនាដោយបើកលំហទូលាយច្រើនដូចនេះ ក្រុមស្ថាបត្យករ បានបំពាក់បាំងសាចខាងក្រៅ លម្អដោយជ្រីកំណោងកោងដើម្បីកាត់បន្ថយកុំឱ្យមានទឹកភ្លៀងសាចចូលក្នុងអគារ។
 
ផ្នែកបង្កាន់ដៃ  សម្រាប់បង្កាន់ដៃត្រូវបានរចនាឱ្យមាននៅជុំវិញអគារ ដែលជាបង្គោលបញ្ឈរត្រង់ៗ ដែលហៅថា ជើងទាន ដោយត្រូវបានសិក្សាទម្រង់តាមជើងទានអគារសាលាខេត្តចាស់ ដោយមានការបន្ថែមផ្នែកខាងលើ និងខាងក្រោមខ្លះដើម្បីឱ្យសមាមាត្រជាមួយអគារវេទិកា ។ ផ្នែកខាងមុខ  ច្រកចូលធំខាងមុខ មានរូបសំណាកតោធំៗចំនួន ២ ធ្វើពីថ្មភ្នំធម្មជាតិអមសងខាង ដែលត្រូវបានសិក្សា និងយកលំនាំពីតោនៅមុខស្ពានថ្មចាស់ ដែលជាស្ពានបានសាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារសាលាខេត្តចាស់ ៕

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ