សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាចំនួន៧ខ្នង និងសមិទ្ធផលនានា ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
September 28, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជ រដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាចំនួន៧ខ្នង មាន៥៦ បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅឃុំពានរោង ឃុំដំរីពួន ឃុំស្វាយអន្ទរ និងឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តី រីករាយនៅពេលសម្ដេចទទួលបានការស្នើសុំចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងខេត្តព្រៃវែងពីសំណាក់សប្បុរសជន ទាំងជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ និងសប្បុរសជនពីវិស័យឯកជន ក្នុងនោះសម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីការកសាងសាលាមត្តេយ្យសិក្សាដែល មានសារៈសំខាន់សម្រាប់កុមារតូចដែលជាកូនចៅរបស់ប្រជាពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការកសាងសាលារៀន និងការដំណើរការបង្រៀននៅសាលាមត្តេយ្យឱ្យបានល្អគឺជាគន្លងអប់រំមួយនៅក្នុងសង្គមស៊ីវិល័យព្រោះថ្នាក់មត្តេយ្យសិក្សានេះជាថ្នាក់ដែល បណ្ដុះបណ្ដាលកុមារតូចៗឱ្យមានលក្ខណៈសម្បត្តិសម្រាប់ការបន្តសិក្សាជាបន្តបន្ទាប់ និងក៏ពាក់ព័ន្ធ នឹងដំណើរជីវិតពួកគេនាពេលអនាគត រួមទាំងបណ្ដុះភាពក្លាហានឱ្យកុមារធ្វើឱ្យ ចេះឆ្ងល់ ចេះសួរ ចេះចង់ដឹង ដែលជាកត្តារួមចំណែកធ្វើឱ្យកុមារឆ្លាត។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមគាំទ្រជាបន្តបន្ទាប់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវ វត្តអារាម និងសំណង់សាធារណៈជាច្រើនទៀតដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍លើកឡើងអំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ទេរសិទ្ធិអំណាច ធនធានពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិ ដើម្បីឱ្យថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវតាមសមត្ថភាព និងលទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានសម្តែងការកោតសរសើរ និងចាត់ទុកជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងទៅ។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលបានរួមគ្នាបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ ធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត និងទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញក្ដីរីករាយដែរ នៅពេលបានឃើញប្រជាពលរដ្ឋអញ្ជើញធ្វើបុណ្យទាន និងដើរកំសាន្តយ៉ាងសប្បាយរីករាយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានផ្ដល់ទស្សនទានមួយចំនួនឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបន្តខិតខំរិះរកវិធីសាស្រ្តថ្មីៗដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ រួមទាំងការរៀបចំមូលដ្ឋាន ភូមិ ឃុំ ឱ្យមានភាពទាក់ទាញ ការរៀបចំម្ហូបអាហារឱ្យបានឆ្ងាញ់ ប្លែកៗ និងអនាម័យជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ