សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ
August 10, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយក CMAC ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក នៅការដ្ឋានកោះពាមរាំង ឃុំកោះចក ស្រុកពាមជរ ខេត្តព្រៃវែង ថា ក្រោយទទួលបានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបាតទន្លេ ព្រមទាំងបានការឯកភាពពី សម្ដេចក្រឡាហោម ស ខេង ក្រុមការងារអន្ដរក្រសួង បានបើកប្រតិបត្តិការរួមជាមួយ អង្គភាពរបស់ CMAC និងអ្នកពាក់ព័ន្ធមួយចំនួនទៀត សហការជាមួយអាជ្ញាធរ បានដំណើរការស្រាវជ្រាវ និងកំណត់ទីតាំងនៅតំបន់នោះ ហើយបើកប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជារៀងរាល់ថ្ងៃ។

ដោយឡែក ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក CMAC បានធ្វើបង្ហាញអំពីការបច្ចេកទេសបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេ ថា ផែនការប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង មានទំហំចំនួន ២៦៨ហិចតា ដោយក្នុងនោះ តំបន់ហានិភ័យខ្ពស់មានចំនួន ១៩៧ហិចតា និងតំបន់ដែលហានិភ័យមធ្យមចំនួន ៧១ហិចតា។

ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ថា ការបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាភារកិច្ចយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាកាតព្វកិច្ចជាតិ និងអន្ដរជាតិ។ ឯកឧត្តម បន្ដថា ការបោសម្អាតគ្រាប់ទាំងនេះ មានប្រយោជន៍យ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចការសន្ដិសុខជាតិ និងផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងដំណើរការស្ដារការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានធ្វើរបាយការណ៍ ស្ដីពីការងារបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេ ថា ក្រោយបញ្ចប់កិច្ចប្រជុំដឹកនាំ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានកំណត់ទិសដៅ និងតួនាទីភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់ក្រុមការងារអន្ដរក្រសួង និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជានោះ ក្រសួងរ៉ែ និងថាមពល បានខិតខំប្រឹងប្រែងអនុវត្តបានយ៉ាងយកចិត្តទុកដាក់បំផុត និងអនុវត្តប្រកបដោយទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានមតិបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិច ក្នុងបាតទន្លេនេះ មានសារៈសំខាន់ណាស់ ព្រោះជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សម្ដេចក្រឡាហោម បានបន្ដថា ក្រុមការងារអន្ដរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ត្រូវមានការតាំងចិត្តខ្ពស់អំពីការងារទាំងនេះ ដោយមិនទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ក្នុងបាតទន្លេទៀតឡើយ។

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ