សម្ដេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាល ជាមួយសិស្សនាយនគរបាល សិស្សនាយនគរបាលរង នៅសាលានគរបាលភូមិភាគ២​ ខេត្តកំពង់ចាម
August 09, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សន្តិបណ្ឌិតរដ្ឋលេខាធិការទទួលបន្ទុក, ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក, ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំ គ្រូនគរបាល មន្រ្តី និងសិស្សនគរបាលជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា តាមរយៈគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ដើម្បីឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាលានគរបាលជាតិភូមិភាគ២នោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានសម្រេចជួយឧត្ថម្ភការស្ថាបនាផ្លូវបេតុងប្រវែង ២៣០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង ៥៥០ម៉ែត្រ អស់ទឹកប្រាក់៩៣១ពាន់៧០០ដុល្លារអាមេរិក។

លោកឧត្តមសេនីយ៍ទោ បានបន្ដថា ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ ក៏បានសម្រេចជួយសាងសង់អគារស្នាក់នៅកម្ពស់១ជាន់មួយខ្នង ទំហំ៤៥ម៉ែត្រគុណ១៣.៥ម៉ែត្រ គ្រែដែកកម្ពស់២ជាន់ចំនួន៨០គ្រែ និងទូដាក់សម្លៀកបំពាក់ចំនួន១៦០ទូ អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ខណៈឯកឧត្តម អភិបាលខេត្តស្វាយរៀង ក៏បានសម្រេចជួយឧបត្ថម្ភអគារស្នាក់នៅបំពាក់គ្រែ និងទូសម្លៀកបំពាក់ដូចគ្នា អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារអាមេរិកដែរ។

លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានសម្រេចជួយសាងសង់ឡដុតសំរាមខ្នាតមធ្យមប្រើចរន្តអគ្គិសនីចំនួន ១កន្លែងផងដែរ ហើយប្រសិនបើសមិទ្ធផលទាំងនេះសម្រេចបាន ១០០ភាគរយនោះ នឹងបញ្ជាក់ថាសាលានគរបាលជាតិភូមភាគ២ បាននឹងកំពុងអភិវឌ្ឍន៍ដោយសម្រេចបាន៦៥ភាគរយ បើធៀបនឹងស្តង់ដាគុណភាពអប្បរមា និងប្លង់មេដែលបានកំណត់។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានឱ្យដឹងទៀតថា សាលាបណ្ដុះបណ្ដាលនគរបាលជាតិភូមិភាគ២ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មី មកពីខេត្តចំនួន៤ រួមមាន៖ ខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ និងស្វាយរៀង ដោយចាប់ពីពេលបង្កើតរហូតដល់ពេលនេះ សាលាបានបណ្ដុះបណ្ដាលកងកម្លាំងសរុប៦២៧៩នាក់ ក្នុងនោះនារីមានចំនួន៥១៣នាក់។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងចូលរួមអបអរសាទរ សាលានគរបាលជាតិភូមិភាគ២ ដែលបាននិងកំពុងបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ និងសិស្សនគរបាលក្របខ័ណ្ឌថ្មី ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកកសាងធនធានមនុស្សនគរបាលជាតិ និងមានក្ដីសង្ឃឹមថាសាលានគរបាលជាតិភូមិភាគ២ នឹងបន្តកិច្ចខិតខំប្រែងបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សាលាឱ្យកាន់តែមានការរីកចម្រើន។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណអភិបាលខេត្តពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលានគរបាលជាតិភូមិភាគ២។ ជាមួយគ្នានេះ សម្ដេច ក៏បានសម្រេចជួយសាងសង់អគារសិក្សាមួយខ្នងបន្ថែមទៀតដែរ ដល់សាលានគរបាលជាតិភូមិភាគ២ ដើម្បីបំពេញតម្រូវការជាក់ស្ដែងដ៏ចាំបាច់នៅក្នុងសាលា។

សម្ដេចក្រឡាហោម បានបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែងវគ្គមូលដ្ឋាននាពេលនេះមានរយៈពេល ៤ខែ។ សម្ដេច បន្តថា មន្រ្តីនគរបាលដែលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលរំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ សម្ដេច បន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជា៖ ក្រុមប្រឹក្សឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀន ជាដើម។

សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជា៖ គ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។ សម្ដេច ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ៕

ដោយ​ ៖​ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ