សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
August 04, 2022    អ្នកទស្សនា :

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Retino LP Marsudi រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ ចំពោះលោកជំទាវរដ្ឋមន្ដ្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានដឹងថា គណៈប្រតិភូដឹកនាំដោយលោកជំទាវរដ្ឋមន្ដ្រី ក៏បានជួបនឹងធ្វើការងារជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ខណៈ សម្ដេច បានគាំទ្រនូវលទ្ធផល នៃកិច្ចប្រជុំនេះផងដែរ។

សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវដែរថា សម្ដេច គាំទ្រដល់ការបន្ដពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាង កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ហើយជាពិសេសទៀតនោះ ទៅលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្ដ្រីផងដែរថា សម្ដេច សូមអរគុណដល់ភាគីឥណ្ឌូនេស៊ី ដែលកន្លងមកបានផ្ញើជូនក្រសួងមហាផ្ទៃកម្ពុជា នូវសេចក្ដីព្រាងអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងការបង្កើតនៅក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា នៅលើការងារកិច្ចសហប្រតិបត្តិការ លើវិស័យអនុវត្តច្បាប់។ សម្ដេច បានជម្រាបជូនអំពីវឌ្ឍនភាព នៃការពិនិត្យទៅលើ MOU នោះ ហើយ សម្ដេច ក៏បានត្រៀមរួចជាស្រេចក្នុងការចាត់មន្ដ្រីជំនាញនៃភាគីទាំងពីរ ក្នុងការជជែកពិភាក្សាទៅលើខ្លឹមសារច្បាប់ជាក់ស្ដែង ដើម្បីធានាដល់យុទ្ធនាការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព។

ជាការឆ្លើយតប លោកជំទាវ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសទៅលើការងារគាំទ្រ និងគាំពារដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបបញ្ហាផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះសេចក្ដីព្រាងអនុស្សារណៈដែល សម្ដេច បានមានប្រសាសន៍នោះគឺ លោកជំទាវរដ្ឋមន្ដ្រី ពិតជាសម្ដែងនូវសេចក្ដីរីករាយ ដោយទទួលបាននូវព័ត៌មានអំពីបច្ចុប្បន្នភាពទៅលើដំណើរការ នៃសេចក្ដីព្រាងនេះ ហើយភាគីឥណ្ឌូនេស៊ី ក៏ត្រៀមខ្លួនជានិច្ច ក្នុងការបន្ដធ្វើការជាមួយនឹងក្រុមការងារជំនាញរបស់ភាគីកម្ពុជា ដើម្បីឈានទៅបញ្ចប់ និងចុះហត្ថលេខារវាងភាគីទាំងពីរ។

លោកជំទាវ ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលតែងយកចិត្តទុកដាក់ជួយតាមសំណូមពរផ្សេងៗ របស់ភាគីឥណ្ឌូនេស៊ី ជាពិសេសតាមរយៈស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលអ្នកខ្លះនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ក៏បានជួបប្រទះនូវបញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ ហើយក៏សូមអរគុណចំពោះការយោគយល់ ការជួយសម្របសម្រួលទៅដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងនោះ ដែលជួបប្រទះនូវបញ្ហាអន្តោប្រវេសន៍នេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកជំទាវ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី បន្ថែមទៀតថា សម្ដេច ផ្ទាល់ពិតជាគាំទ្រចំពោះការបង្កើតឱ្យនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ផ្លូវការតាមរយៈ MOU នេះ។ សម្ដេច ក៏សង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងអាចពិនិត្យលទ្ធភាពបន្ថែមនូវអ្វីដែលជាការចាំបាច់សំខាន់ៗ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជា កិច្ចសហប្រតិបត្តិការទៅលើការងារកសាង និងបណ្ដុះបណ្ដាល សមត្ថភាពមន្ដ្រីអនុវត្តច្បាប់ ហើយព្រមទាំងការងារជួយគាំពារទៅវិញទៅមក ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

ជាចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏សូមថ្លែងចំពោះ លោកជំទាវ Retino LP Marsudi រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សូមជូនពរលោកជំទាវរដ្ឋមន្ដ្រី ស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយផាសុខភាព និងទទួលបានជោគជ័យ ក្នុងបេសកម្មការងាររបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ