អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល
August 03, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដោយមានការចូលរួមពី អគ្គាធិការរងទទួលផែននាយកដ្ឋាន ប្រធាននាយករដ្ឋបាលសរុប ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងនាយរងការិយាល័យទាំងអស់ នៃនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។

បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយការណ៍សង្ខេបរបស់ ឯកឧត្តម អគ្គាធិការរងទទួលផែនប្រធាននាយកដ្ឋាន និងនាយការិយាល័យនីមួយៗ រួចមក ឯកឧត្តម អគ្គាធិការ បានសំដែងនូវក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំង ចំពោះការសហការបំពេញការងារបានយ៉ាងល្អប្រសើរតាមឋានានុក្រម ចេះមានសាមគ្គីភាព ប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ជាសមូហភាពផ្ទៃក្នុងនាយកដ្ឋាន មុននឹងសម្រេចលើកយោបល់ជូនដល់ថ្នាក់លើ ចេះចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារអនុវត្តជាក់ស្តែង ដោយឡែកការទទួលបានចំណេះដឹងពីសាលារៀន គឺជារឿងមួយសំខាន់ តែមិនប្រាកដថាអាចធ្វើបាននោះទេ ជាការងារជំនាញ មានតែការចែករំលែកបទពិសោធន៍ជាក់ស្តែងនេះឯង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គាធិការ បានណែនាំប្រធាននាយកដ្ឋាន នាយការិយាល័យត្រូវក្តាប់មន្ត្រីរបស់ខ្លួនឱ្យបានល្អ ចេះពិនិត្យលក្ខណៈសម្បត្តិ ចេះបែងចែកភារកិច្ចទៅតាមសមត្ថភាពវិស័យរបស់មន្ត្រី នោះទើបការងារមានប្រសិទ្ធភាព និងលឿន និងចេះពិនិត្យពីចំណុចខ្វះខាតរបស់មន្ត្រីខ្លួនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានពិនិត្យតាមដានមន្ត្រីណាមានជំងឺឬជួបការលំបាក សូមឱ្យយកចិត្តទុកដាក់ចំពោះមន្ត្រីដែលជួបបញ្ហាទាំងនេះផង មិនមែនទុកចោល ពេលដែលមិនអាចបំពេញការងារបានឬជួបការលំបាកនោះទេ សូមជួយទៅតាមលទ្ធភាព ករណីលើសពីលទ្ធភាព សូមរាយការណ៍មក ឯកឧត្តម អគារធិការ ដើម្បីជ្រាបជាព័ត៌មាន ហើយចំពោះមន្ត្រីដែលល្មើសនឹងវិន័យ សូមធ្វើការណែនាំអប់រំជាបន្តបន្ទាប់តាមនីតិវិធីរបស់កងកម្លាំង បើជាករណីធ្ងន់ធ្ងរ សូមលើកយោបល់ដើម្បីចាត់វិធានតាមបទបញ្ជាផ្ទៃក្នុងរបស់អគ្គាធិការដ្ឋាន និងច្បាប់ជាធរមាន។

ឯកឧត្តម អគ្គាធិការ បានសង្កត់ធ្ងន់ថា ពាក្យមន្ត្រីមានតម្លៃណាស់ ជាអ្នកបម្រើរាស្ត្រដោយស្មោះត្រង់ បើមន្ត្រីខិលខូច លែងថាជាមន្ត្រីទៀតហើយ ថាជាជនខិលខូចទៅវិញ។ អង្គភាពអធិការកិច្ច ជាកន្លែងផ្តល់ព័ត៌មានពិត ស្វែងរកការពិត និងយុត្តិធម៌ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឈរលើគោលការណ៍ច្បាប់ ហើយចំពោះមន្ត្រីអធិការកិច្ច ត្រូវរៀបចំរបាយការណ៍ពិតតាមភាពជាក់ស្តែងបានរកឃើញ ដោយមិនលំអៀង ចៀសវាងដាច់ខាតនូវរបាយការណ៍ខ្លាច គឺរបាយការណ៍កុហក តែត្រូវរៀបចំរបាយការណ៍ក្លាហាន គឺរបាយការណ៍ពិត ឈរលើការពិតជាក់ស្តែង៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ