សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅស្រុកបាណន់ ខេត្តបាត់ដំបង
July 09, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធី «រុក្ខទិវា ៩ កក្កដា» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះរាជពិធី រុក្ខទិវា ប្រារព្ធឡើងយ៉ាងមហោឡារឹកនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចបញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តបាត់ដំបងផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវសុន្ទរកថា ថ្វាយព្រះរាជកិច្ចស្វាគមន៍ ថា រុក្ខទិវា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម បានសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសកំណត់យកទីតាំងសម្រាប់ប្រារព្ធពិធី រុក្ខទិវា នេះស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងស្រុកបាណន់ ក្នុងគោលបំណងដើម្បីដាំស្តារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំឈើ បំផុសការចូលរួមដាំឈើ ដើម្បីទប់ស្កាត់ការហូរច្រោះជីជាតិដី កែលម្អគុណភាពដី អភិវឌ្ឍន៍ជីវៈចម្រុះ រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទ្រទ្រង់សកម្មភាពផ្សេងៗទៀតជាច្រើន សម្រាប់ផលប្រយោជន៍របស់ប្រជាសហគមន៍។

ឯកឧត្តម បានបន្ដទៀតថា រីឯផ្ទៃដីប្រារព្ធ រុក្ខទិវា នាពេលនេះមានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស មានទំហំ ២៦,១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣ ៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។

ក្នុងឱកាសមហោឡារឹកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងព្រះរាជសុន្ទរកថា ដ៏ខ្ពង់ខ្ពស់បំផុតថា ពិធី រុក្ខទិវា នេះ ត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រារព្ធពិធី រុក្ខទិវា នៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ ប្រជាជនកម្ពុជា បានយល់ប្រាកដណាស់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើភពផែនដីនេះ។

ព្រះអង្គ បានមានព្រះរាជបន្ទូលបន្ថែមថា ព្រៃឈើ និងប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ បានចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាព នៃគោលដៅអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ធានាសន្តិសុខស្បៀង និងបណ្តាញសុវត្ថិភាព លើកកម្ពស់ជីវភាព ផ្ដល់មុខរបរ និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាព រក្សានិរន្តរភាពផលិតកម្ម កំណើនសេដ្ឋកិច្ច សមភាព បរិយាបន្ន និងភាពជាដៃគូ ធនធានទឹក ការពារធនធាន ជលផល សន្តិសុខថាមពល ថែរក្សាជីវចម្រុះ និងប្រព័ន្ធមជ្ឈដ្ឋានដីគោក ជួយគាំទ្រនិរន្តរភាពទីក្រុង ទប់ស្កាត់ និងបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ។ ដូចនេះ ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត ដែលបានធ្វើឱ្យទីតម្កល់ទឹកធានា សម្រាប់តម្រូវការរបស់មនុស្ស សត្វ ត្រូវរីងស្ងួត ឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធានមច្ឆាជាតិគ្រប់ប្រភេទ ហើយអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។

ជាថ្មីម្ដងទៀត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះប្រទេសជាមិត្ត អង្គការ ជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ក៏ដូចជាការចូលរួមក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្នុងពេលអតីតកាល និងបច្ចុប្បន្ន។ ជាមួយគ្នានេះ ព្រះអង្គក៏បានមានព្រះរាជបន្ទូលអំពាវនាវឱ្យដៃគូរសហការទាំងអស់ ជួយចូលរួមបន្តការងារទៅមុខទៀត ដើម្បីឱ្យសម្រេចបាននូវគោលដៅអភិវិឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ