សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម អញ្ជើញចូលជួបសម្ដែងការគួរសម
June 23, 2022    អ្នកទស្សនា :

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម អញ្ជើញចូលជួបសម្ដែងការគួរសម ក្នុងឱកាសឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២២នេះ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាមគន៍ចំពោះ ឯកឧត្តម អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ក៏បានលើកឡើងថា ជាការពិតជំងឺកូវីដ-១៩ ក៏បានបង្កការរអាក់រអួល ការអាកខាន់ ដល់ការអនុវត្តយុទ្ធនាការសហប្រតិបត្តិការមួយចំនួនរវាងក្រសួងទាំងពីរ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។

ទោះបីយ៉ាងនេះក្ដី សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថា ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ជាពិសេសខ្លួន សម្ដេច ផ្ទាល់ជាមួយ ឯកឧត្តម អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ក៏បានខិតខំស្វែងរកមធ្យោបាយជួបគ្នាតាមប្រព័ន្ធវិដេអូ ក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្ដរក្សាទំនាក់ទំនងនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ផងដែរ។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ ថ្លែងអបអរសាទរចំពោះការប្រារព្ធនូវព្រឹត្តិការណ៍ កាលពីថ្ងៃទី២០ មិថុនា កន្លងទៅនេះ នៅទីតាំងកោះថ្ម X16 ដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយជាទីតាំងប្រវត្តិសាស្ដ្រ នៃការចាប់ផ្ដើមដំណើរការឆ្ពោះទៅរកការតស៊ូ ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជន។ សម្ដេច ពិតជាមានសេចក្ដីរីករាយដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ព្រមទាំងបានស្ដាប់នូវខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ដែលត្រូវបានរដ្ឋាភិបាលវៀតណាមដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯកបម្រុង កាលពេលថ្មីៗកន្លងទៅនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីស្នាដៃ និងគុណសម្បត្តិរបស់ ឯកឧត្តម ចំពោះប្រជាជន និងសង្គមជាតិ។ សម្ដេច ក៏សូមជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ច។ សម្ដេច ក៏សូមយកឱកាសនេះ ផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខតាមរយៈ ឯកឧត្តម អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ជូនចំពោះ ឯកឧត្តម តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនគណៈប្រតិភូចូលជួបនាឱកាសនេះ។ ឯកឧត្តម បានសម្ដែងនូវការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់ សម្ដេច អំពីការខកខាន ក្នុងការអនុវត្តយុទ្ធការសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក្នុងរយៈពេលប្រមាណ ២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ប៉ុន្ដែ ឯកឧត្តម បានគាំទ្រ និងឯកភាពថា ទោះបីជាប្រឈមនឹងវិបត្តិនេះយ៉ាងក្ដី ក៏ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរនៅតែបន្ដខិតខំរកវិធីសាស្ដ្រ ក្នុងការរក្សានូវទំនាក់ទំនងដ៏ល្អជិតស្និតទៅវិញទៅមក។

ជាពិសេស ឯកឧត្តម ក៏សូមអបអរសាទរចំពោះការចូលរួមចំណែករបស់នគរបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកមួយដ៏មានសារសំខាន់ ឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញ បន្ទាប់មានការធូរស្បើយនៃជំងឺកូវីដ-១៩នេះ។

ឯកឧត្តម ក៏សូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះដំណើរការប្រកបដោយជោគជ័យ នៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តិទៅកាលពីដើមខែមិថុនា កន្លងទៅនេះ។ ឯកឧត្តម ក៏បានអបអរសាទរចំពោះការប្រារព្ធនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឯកឧត្តម ក៏សូមចូលរួមអបអរសាទរចំពោះការរីកចម្រើន និងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ ហើយក៏សូមអបអរសាទរចំពោះតួនាទីជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២ របស់កម្ពុជាផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសនានា ជាពិសេស គឺបទល្មើសគ្រឿងញៀន និងឆ្លងដែនខុសច្បាប់ ព្រមទាំងប្រព្រឹត្តិល្បែងស៊ីសង់ឆ្លងដែន។

ឯកឧត្តម ក៏បានលើកឡើងដែរថា ប្រទេសវៀតណាម បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្នុងឆ្នាំ២០២២នេះ ហើយវៀតណាម ក៏ត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចការពារថែរក្សាសន្ដិសុខ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ជាថ្មីម្ដងទៀត សម្ដេច ក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ហើយក៏សូមយកឱកាសនេះជូនពរ ឯកឧត្តម ព្រមទាំង គណៈប្រតិភូ សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ