សម្ដេចក្រឡាហោម ស ខេង ទទួលជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម
June 22, 2022    អ្នកទស្សនា :

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម អគ្គលេខាធិការ នៃអង្គការសម្ព័ន្ធពិភពឥស្លាម រួមទាំងប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការ ដែលបានផ្ដល់កិច្ចសហការជាមួយកម្ពុជាកន្លងមក និងបន្តទៀត ក្នុងនោះ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានទទួលយកពលករកម្ពុជាទៅបំពេញការងារ។

សម្ដេចក្រឡាហោម បានបន្តថា បើទោះបីជាកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយការអង្គការសម្ព័ន្ធពិភពឥស្លាម នៅមិនទាន់មានចំនួនច្រើនក្ដី ប៉ុន្តែ សម្ដេច បានសម្ដែងក្ដីសង្ឃឹមទៅថ្ងៃខាងមុខកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងកាន់តែមានការរីកចម្រើនថែមទៀត។ សម្ដេច បន្តថា នៅកម្ពុជា ការប្រតិបត្តិសាសនាឥស្លាមរបស់ពលរដ្ឋ ក៏កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ក៏បានរំលឹកដែរថា កន្លងមក សម្ដេច ធ្លាប់បានទទួលជួប ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ដែលនៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញ សម្ដេច ទៅបំពេញទស្សនកិច្ច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដោយសម្ដេច បានស្វាគមន៍ និងថា ការពន្យាពេលទស្សនកិច្ចនោះ គឺដោយសារស្ថានភាពកូវីដ-១៩។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បានបន្តថា បច្ចប្បន្ន គឺជាឱកាសសមស្របហើយសម្រាប់ភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយសារពីកម្ពុជាក៏មានសាសនិកឥស្លាម និងពលករធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងខាងសាសនា និងការងារដែរ ហើយដែលការពារសន្តិសុខដល់ពួកគាត់ក៏ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ជាការឆ្លើយប ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា ឯកឧត្តម ពិតជាមានភាពរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេស ឯកឧត្តម បានដឹងថា កម្ពុជាជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឱ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង។

ឯកឧត្តម ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួបជាមួយពលរដ្ឋខ្មែរជាសាសនិកឥស្លាម សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងបានចូលជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តម បន្តថា ទោះបីពលរដ្ឋកាន់សាសនាឥស្លាមនៅកម្ពុជាមានភាគរយតិច តែពួកគាត់មានយល់ដឹង និងរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋកាន់សាសនាផ្សេងទៀត។

ឯកឧត្តម ក៏បានជម្រាបសម្ដេចទៀតថា ឯកឧត្តម បានទទួលអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីការធ្វើឱ្យមានសុខដុមនីយកម្មខាងសាសនានៅកម្ពុជា និងបានបន្តថា ការរស់នៅស្រុះស្រួលគ្នានេះ គឺជាការបង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ ដែល ឯកឧត្តម នឹងចែករំលែកទៅកាន់វេទិកាអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងនេះ និងបានគូសបញ្ជាក់ថា ភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយនេះកន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ដែលបានហាមឃាត់ការប្រតិបត្តិខាងសាសនាគ្រប់សាសនា ដែលកំហុសនេះធ្វើឱ្យថ្នាក់ដឹកនាំជំនាន់ក្រោយត្រូវតែចៀសវាងជាដាច់ខាត។

សម្ដេចក្រឡាហោម បានបន្ថែមទៀតថា ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាមចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូនឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន់ ហាសាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរឥស្លាមក្នុងមុខតំណែងគណៈអភិបាលនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការងារពាក់ព័ន្ធនឹងពលរដ្ឋខ្មែរឥស្លាម និងបានថ្លែងអំណរគុណចំពោះអង្គការសម្ព័ន្ធពិភពឥស្លាមដែលបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសបានជួយដល់ពលរដ្ឋខ្មែរឥស្លាម។ ជាទីចុងបញ្ចប់ សម្ដេច ក៏បានជូនពរ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម រួមទាំងប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ