សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង
June 21, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ដែលប្រារព្ធនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីវឌ្ឍនភាពនៃការគ្រប់គ្រងដំណើរការបង្រៀន និងរៀន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូជាតិនិងអន្តរជាតិ និងបានគូសបញ្ជាក់ថានិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលបានសញ្ញាបត្រនាឱកាសនេះមានចំនួន៦០៤នាក់ ក្នុងនោះមាននិស្សិតនារីចំនួន៣១០នាក់។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមកសាងវិស័យអប់រំនៅកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស អាចឈានទៅធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានធ្វើឱ្យសាកលវិទ្យាល័យមានការប្រែប្រួលរីកចម្រើនឆាប់រហ័ស សម្ដេចក៏បានបង្ហាញមោទកភាពដែលសាកលវិទ្យាល័យជាតិបាត់ដំបងបានបណ្ដុះបណ្ដាលនិស្សិតបានយ៉ាងច្រើនជារៀងរាល់ឆ្នាំជាមួយនឹងលទ្ធផលគុណភាពនៃការអប់រំកាន់តែប្រសើរ ធ្វើឱ្យនិស្សិតមានឱកាសឈានទៅចាប់យកឱកាសការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន។

សម្ដេចក៏សង្ឃឹមថានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាទទួលសញ្ញាបត្រនាពេលនេះនឹងស្វះស្វែងរកការងារធ្វើ ព្រមទាំងទទួលបានជោគជ័យដូចរៀមច្បងដែលជាអតីតនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងនេះដែរ។

ស្របជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីវឌ្ឍនភាពនៃដំណើការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កាលពីពេលថ្មីៗដែលក៏ជាផ្នែកមួយនៃកំណែទម្រង់ថ្នាក់ក្រោមជាតិ។

ជាចុងក្រោយ សម្ដេចក្រឡាហោម ក៏បានស្នើប្រជាពលរដ្ឋនៅមូលដ្ឋានដែលមាននិន្នាការគាំទ្រគណបក្សផ្សេងៗគ្នានាអំឡុងពេលបោះឆ្នោតកន្លងទៅនោះ សូមបង្កើនការផ្សះផ្សាររាប់អានគ្នា មានសាមគ្គីភាពជាមួយគ្នានិងគោរពការដឹកនាំការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ៕

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ