សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរបោះឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ និងសម្ពោធសមិទ្ធនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងស្រុកមេមត់
June 20, 2022    អ្នកទស្សនា :

នៅថ្ងៃចន្ទទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរបោះឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ឆ្នាំ២០២២) និងសម្ពោធសមិទ្ធនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិកោះថ្ម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីប្រទេសវៀតណាម។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត។

ក្នុងឱកាសរំលឹកទិវាជាប្រវត្តិសាស្រ្តនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីវៀតណាម ដែលអនុញ្ញាតឱ្យសម្តេច បានអញ្ជើញទៅអ៊ុចធូប និងថ្លែងអំណរគុណដល់ពលរដ្ឋវៀតណាម ដែលបានជួយ សម្តេច កាលពី ៤៥ឆ្នាំមុន ក្នុងដំណើរទៅស្វែងរកកម្លាំង ដើម្បីរំដោះប្រជាជនកម្ពុជាពីររបប ប៉ុល ពត។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រយៈពេល ៤៣ឆ្នាំមកនេះ កម្ពុជាបានធ្វើកិច្ចការជាច្រើនជាមួយវៀតណាម ក្នុងនោះ សម្រេចបានការបោះបង្គោលព្រំដែន ៨៤ភាគរយ ខណៈដែលចំណុចសេសសល់ ១៦ភាគរយទៀត កំពុងដំណើរការជាបន្តបន្ទាប់ ដោយឈរលើទស្សនវិស័យព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ទៀតថា គោលដៅរបស់ សម្តេច គឺកែប្រែតំបន់ព្រំដែន កម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍ។ សម្តេចតេជោ បានថ្លែងថា សម្តេច បានចុះហត្ថលេខា ដោយបង្កកដីនៅតំបន់ X16 ជាង ១ពាន់ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម ជាដើម។

សម្ដេចតេជោ បានបន្ថែមថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះតំបន់ព្រំដែនកម្ពុជា-វៀតណាម នៃតំបន់ x-16 នេះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចវិនិយោគដ៏សំខាន់សម្រាប់សក្តានុពលរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះមានភាពល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។

សូមជម្រាបជូនដែរថា ក្រោយបញ្ចប់ពិធីប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរបោះឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ឆ្នាំ២០២២) និងសម្ពោធសមិទ្ធនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 រួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីប្រទេសវៀតណាម ក៏បានអញ្ជើញសម្ពោធសមិទ្ធផលសំខាន់ៗជាច្រើននៅតំបន់ X 16 ដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ