អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅបណ្ឌិតសភានគរបាលកម្ពុជា

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅបណ្ឌិតសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានមានមតិស្វាគមន៍ដល់ឯកឧត្តម អគ្គនាយក សវនកម្មផ្ទៃក្នុង អគ្គនាយករង លោកជំទាវ លោក លោកស្រី ក្នុងអង្គពិធីទាំងមូលយ៉ាងកក់ក្តៅ និងស្និតស្នាលបំផុត។

ជាកិច្ចបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអាននូវរបាយការណ៍លម្អិត គោរពតាមគោលការណ៍សត្យានុកូល ការបង្កើតបទបញ្ញាត្តិផ្ទៃក្នុងការកែលំអរកម្មវិធីអប់រំ និងពាក់ព័ន្ធ និងការបណ្តុះបណ្តាល ការអភិវឌ្ឍ ការកសាងសមិទ្ធផលថ្មីសម្រាប់វិស័យអប់រំនគរបាលជាតិកម្ពុជា។

ឯកឧត្តម បានមានមតិស្វាគមន៍ ឯកឧត្តម សាស្ត្រាចារ្យ សាស្ត្រាចារ្យរង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានមន្ទីរទីចាត់ការ នាយកសាលា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្ដាល នាយកវិទ្យាស្ថាន ប្រធានដេប៉ាដឺម៉ង់ និងអស់លោក លោកស្រី ទាំងអស់ សមាជិក សមាជិកា នៃអង្គពិធីទាំងមូលយ៉ាងជ្រាលជ្រៅដែលបានទទួលស្វាគមន៍ រាកទាក់ និងសហការណ៍ល្អជាមួយគណៈប្រតិភូសវនកម្មផ្ទៃក្នុង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង បានមានប្រសាសន៍លើកឡើងពីតួនាទីរបស់សវនកម្មផ្ទៃក្នុង ជាសេនាធិការជូន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិតភាពប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងការអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ការចុះធ្វើសវនកម្មផ្ទៃក្នុង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្របទៅតាមផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ និងលិខិតបង្គាប់ការលេខ ០៧៦ ពីបក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។

បន្ថែមលើសពីនោះទៀត ឯកឧត្តម បានបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ នៅទូទាំងលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បាននិងកំពុងជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះដែរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំការងារប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានឱ្យកម្ពុជា ជាប្រទេសដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ មកដល់ដើមឆ្នាំ២០២២នេះ គឺកម្ពុជាបានបើកឱ្យដំណើរការឡើងវិញទាំងអស់គ្រប់វិស័យ។

ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតដ៏ឈ្លាសវៃ បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្ត ទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿន កំណែទម្រង់ភិបាលកិច្ច តាមរយៈការកែទម្រង់ ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់យន្តការសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ តួនាទីជាសវនករផ្ទៃក្នុង គឺមានគោលបំណង ដើម្បីធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពនីមួយៗ ដំណើរការប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ភាពខ្ជះខ្ជាយ ក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ រួមទាំងការជំរុញ ការកៀរគរ និងការគ្រប់គ្រងចំណូល ចំណាយថវិការដ្ឋ ថវិកាហិរញ្ញប្បទាន និងបំណុល ជាពិសេស ការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។ ទន្ទឹមនឹងនេះ សវនដ្ឋាននីមួយៗ ត្រូវផ្តល់កិច្ចសហការ សម្របសម្រួលជាមួយសវនកម្មផ្ទៃក្នុង ក្នុងការផ្តល់ពត៌មានពាក់ព័ន្ធ និងឯកសារនានា ដែលទាក់ទងនឹងសវនកម្មអំពីបញ្ហាប្រឈម ដែលសវនដ្ឋានជួបប្រទះ៕

ដោយ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ