សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំ ឆ្នាំ២០២២
May 26, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២២-២៦ ឧសភា កន្លងទៅ នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំប្រចាំ ឆ្នាំ២០២២ នានិទាឃរដូវ បានផ្តោតកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្រ្តនៅចំណុចរបត់ៈ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្រ្តធុរកិច្ច បានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំជិត ២.៥០០នាក់ មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។

នាឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមទទួល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម-លោកជំទាវ ប្រតិភូជាន់ខ្ពស់ អភិបាលរាជធានីភ្នំពេញ ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនដែរ ថា ជាលទ្ធផល នៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ « ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។

លើសពីនេះទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះ សម្ដេចតេជោ ហ៊ុន សែន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ