សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមទទួលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក

នារសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២-១៣ ឧសភា កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវទិសដៅអនាគត នៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។

សូមជម្រាបជូនដែរថា ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះជាមួយ ឯកឧត្តម ចូ បៃឌិន និងបានអញ្ជើញចូលរួមកម្មវិធីផ្សេងៗទៀត ជាអាទិ៍រួមមាន៖ ពិធីលៀងសាយភោជន៍ពេលល្ងាចថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល, ពិធីអាហារការងារថ្ងៃត្រង់ជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលរៀបចំទទួលដោយ លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក, កិច្ចពិភាក្សារៀបចំធ្វើឡើងដោយលោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងកម្មវិធីអន្តរកម្មនានា ជាមួយមេដឹកនាំធុរកិច្ចអាមេរិក។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពហុភាគីនិយម និងសហប្រតិបត្តិការអន្តរជាតិ គឺជាសរសរស្តម្ភសំខាន់ពីរ សម្រាប់ធានា និងថែរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនតំបន់ និងសកលលោក។

លើសពីនេះទៀត ក្នុងអំឡុងពេលពិភាក្សាអំពីវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សេចក្តីប្រាថ្នារបស់កម្ពុជា គឺធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ បរិស្ថាន និងអន្តរកាលឆ្ពោះទៅថាមពលស្អាត កំណើនបៃតង ក៏ដូចជាដើម្បីលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់។

ដោយឡែក ពាក់ព័ន្ឋនឹងហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតម្រូវការក្នុងការស្តារតម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃវិបត្តិជំងឺកូវីដ-១៩។

ជាងនេះទៅទៀត ក្នុងអំឡុងពេលសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងមេដឹកនាំអាស៊ានដទៃទៀត បានសម្តែងការគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិក។

ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងឡើងវិញអំពីជំហរបស់កម្ពុជា ពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី ហើយទទូចឱ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្តរាយ និងស្តារសន្តិភាពឡើងវិញ។

នៅអំឡុងពេលបិទកិច្ចប្រជុំកំពូលពិសេសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី ចូ បៃឌិន ដែលបានធ្វើការប្តេជ្ញាគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយទន្ទឹងរង់ចាំស្វាគមន៍ ឯកឧត្តមប្រធានាធិបតី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ