សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៩យាងចូល ៧០ព្រះវស្សា
May 11, 2022    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី តាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមថ្វាយបង្គំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង ប្រកបដោយស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុត ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង គម្រប់ ៦៩យាងចូល ៧០ព្រះវស្សា។

ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រកបដោយសិរីមង្គលនេះ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវមនោសញ្ចេតនាប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយចំពោះព្រះរាជគុណណូបការៈរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ ប្រកបដោយទសពិធរាជធម៌ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ នៅគ្រប់កាលៈទេសៈ។ ក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រះរាជហឫទ័យដ៏ថ្លៃថ្លាសណ្តោសប្រោស ប្រណីរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ធ្វើឱ្យប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់ក្នុងសង្គម ចង់ចាំមិនភ្លេច ចំពោះព្រះមហាករុណាទិគុណ និងប្តេជ្ញាដង្ហែយ៉ាងស្មោះស្ម័គ្រ តាមព្រះរាជតំរិះដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ។

នាឱកាសប្រកបដោយអភិសិរីថ្លៃថ្លានេះ ទូលព្រះបង្គំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រខ្មែរជាដរាបតរៀងទៅ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ