អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ បេីកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៥ រួមមាន​ ខេត្តមណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង និងក្រចេះ
May 09, 2022    អ្នកទស្សនា :

នាថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២២​ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបេីកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៥ ដែលរួមមាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ (រដ្ឋបាលសុីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងសវនដ្ឋានទាំងអស់ស្ថិតក្នុងភូមិភាគ៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះបំពេញបេសកកម្មការងារសវនកម្មផ្ទៃក្នុង នៅភូមិភាគ៥។

ឯកឧត្តម បានបន្តទៀតថា ក្នុងនាមសវនដ្ឋានទាំងអស់ស្ថិតក្នុងភូមិភាគ៥ នឹងផ្តល់កិច្ចនូវសហការល្អជាមួយក្រុមប្រតិភូសវនកម្មផ្ទៃក្នុង និងយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍កែលម្អលើចំណុចខ្វះខាតផ្សេងៗ ដែលបានដាក់ចេញដោយក្រុមប្រតិភូសវនកម្មផ្ទៃក្នុង។

ជាកិច្ចបន្ត ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់យន្តការសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍បន្តទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងជនជាប់ឃុំ​ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសវនដ្ឋានស្ថិតក្នុងភូមិភាគ៥ ដែលរួមមាន៖ ផ្នែករដ្ឋបាលស៊ីវិល (រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់), ផ្នែកសន្តិសុខសាធារណៈ (ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង/ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ និងវរសេនាតូចនគរបាលការពារព្រំដែនគោគ), ផ្នែកពន្ធនាគារ ។​ ជាពិសេស ត្រូវយកចិត្តទុកដាក់ ផ្តល់កិច្ចសហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រងបុគ្គលិកឱ្យបានច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ចបញ្ជិកាចំណូល-ចំណាយ និងឯកសារនានាឱ្យបានត្រឹមត្រូវតាមនីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងជាពិសេសត្រូវជំរុញការងារចុះបញ្ជីកម្មសិទ្ធិដីធ្លីទាំងអស់របស់សវនដ្ឋានឱ្យបានឆាប់រហ័ស ជៀសវាងកើតមានបញ្ហាទំនាស់ដីធ្លីដោះស្រាយមិនចេះចប់ក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងជនជាប់ឃុំ៕

ប្រភព​ ៖​ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ